រដ្ឋាភិបាល ផ្តល់អាហារូបករណ៍លើជំនាញឌីជីថលដល់សាធារណជនយ៉ាងតិច ៣៣០០កន្លែង
Posted by -
Phoung Somphors
Published on -
9/12/2022 4:18 PM

ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងកម្មវិធី«អាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ» គ្រោងផ្តល់អាហារូបករណ៍ជំនាញឌីជីថល​ សរុបប្រមាណ ៣៣០០-៧៥០០នាក់ នៅឆ្នាំ២០២៣។ ការផ្តល់អាហារូបករណ៍នេះ បែងចែកជាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ព្រមទាំងមានជាវគ្គបណ្តុះបណ្តាលរយៈពេល ៣ខែ ទៅ១ឆ្នាំផងដែរ។ អារូបករណ៍ដែលបើកទូលាយសម្រាប់សាធារណជនទូទៅនេះ ក្នុងគោលបំណងលើកកម្ពស់ការកសាងសមត្ថភាពជំនាញឌីជីថលនៅកម្ពុជា។

ដើម្បីលើកកម្ពស់ការកសាងសមត្ថភាពជំនាញឌីជីថល ដល់សិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ មន្ត្រីរាជការ បុគ្គលិកស្ថាប័នរដ្ឋ និងឯកជនសាធារណជន តាមរយៈកម្មវិធីអាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងផ្តល់អាហាររូបករណ៍លើជំនាញឌីជីថលនៅឆ្នាំ២០២៣ សរុបប្រមាណ ៣៣០០-៧៥០០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២២នេះ។

អាហារូបករណ៍ដែលគ្រោងនឹងផ្តល់ជូននៅដើមឆ្នាំ២០២៣នោះ​ សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចំនួនប្រមាណ ៣០០-៥០០នាក់ សិក្សានៅគ្រឹះស្ថានអប់រំក្នុងប្រទេសនិងក្រៅប្រទេស។ ចំណែក វគ្គបណ្តុះបណ្តាលរយៈពេល ៣ខែ ទៅ១ឆ្នាំ ចំនួន ១០០០-២០០០នាក់ និងវគ្គបណ្តុះបណ្តាលមន្ត្រីរាជការសម្រាប់បង្កើនប្រសិទ្ធភាពការងារចំនួន ២០០០-៥០០០នាក់ផងដែរ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសថា នឹងជូនដំណឹងអំពីការដាក់ស្នើសុំអាហារូបករណ៍នោះ នាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានសម្រេចផ្តល់«អាហាររូបករណ៍ទេពកោសល្យឌីជីថលតេជោ» តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ ការផ្តល់អារូបករណ៍លើជំនាញឌីជីថល់នេះ ក្នុងគោលដៅកសាងធនធានមនុស្សឆ្នើមក្នុងយុគ្គសម័យឌីជីថល ដែលឆ្លើយបតនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236