ពន្ធដារ ដាក់កំហិតសហគ្រាសដែលមិនបង់ពន្ធ ឱ្យមកដោះស្រាយបំណុលពន្ធត្រឹមចុងឆ្នាំ២០២២នេះ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ឱ្យសហគ្រាសដែលមិនទាន់បង់ពន្ធចូលមកដោះស្រាយបំណុលពន្ធ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២២ ជាកំហិត។ ការអនុវត្តវិធានការតឹងរឹងទារបំណុលទៅលើសហគ្រាសទាំងនោះគឺធ្វើឡើងតាមច្បាប់ស្តីពីសារពើពន្ធ ដូចជា បិទការផ្ទេរកម្មសិទ្ធអចលនទ្រព្យ, បញ្ឈប់ឬផ្អាកដំណើរការអាជីវកម្ម, ឃាត់ទុកគណនីធនាគារ និងដាក់ពាក្យបណ្តឹងទៅតុលាការជាដើម។
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងពីវិធានការតឹងរឹងទារបំណុលពន្ធ នៅថ្ងៃទី២៨ វិច្ឆិកានេះ ដោយមើលឃើញសហគ្រាសមួយចំនួនមិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួន ខណៈពេលដែលអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញសហគ្រាសទាំងនោះ ជាច្រើនលើកច្រើនសាឲ្យមកធ្វើការទូទាត់បំណុលពន្ធក៏ដោយ។ អគ្គនាយកដ្ឋានពន្ធដារ អនុវត្តវិធានការតឹងទារបំណុលពន្ធចំពោះអ្នកជំពាក់បំណុលពន្ធទាំងនោះចំនួន ៨ចំណុច ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ រដ្ឋបាលសារពើពន្ធមានសិទ្ធិអនុវត្តវិធានា ដូចជា៖
ទី១. ព្យួរទុកជាបណ្តោះអាសន្ននូវវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (អតឋ) របស់សហគ្រាសដោយមិនអនុញ្ញាតឲ្យស្នើសុំបង្វិលសងអាករ ឬប្រើប្រាស់ឥណទានអាករបានឡើយ។ ទី២. ឃាត់ទុកជាបណ្តោះអាសន្ននូវការស្នើសុំបង់ពន្ធប្រថាប់លើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ។ ទី៣. សហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូល។ ទី៤. សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីបញ្ឈប់ ឬផ្អាកដំណើរការសហគ្រាសជាបណ្តោះអាសន្ន។ ទី៥. សហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីឃាត់ទុកគណនីធនាគាររបស់សហគ្រាសឬបុគ្គលពាក់ព័ន្ធ។ ទី៦. សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មី ឬផ្ទេរភាគហ៊ុន។ ទី៧. សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីទុកជាមោឃៈនូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណផ្សេងៗ។ ទី៨. ដាក់ពាក្យបណ្តឹងទៅតុលាការចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធមិនព្រមមកធ្វើការទូទាត់។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តម្រូវឱ្យម្ចាស់សហគ្រាសដែលជំពាក់បំណុលពន្ធទាំងអស់ទៅដោះស្រាយបំណុលពន្ធ នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលជាអង្គភាពគ្រប់គ្រងសហគ្រាសដើម្បីចៀសវាងនូវផលវិបាកដែលកើតឡើងដូចខាងលើ។ ជាមួយគ្នានេះ ពន្ធដារ ក៏បានដាក់លេខទូរស័ព្ទ ១២៧៧ សម្រាប់ព័ត៌មានបន្ថែមនិងពិគ្រោះយោបល់ផងដែរ៕