រដ្ឋាភិបាល ដាក់ថវិកាសន្សំ ៣០លានដុល្លារ ក្នុងមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ
ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានសម្រេចបញ្ចេញថវិកាសន្សំរបស់រដ្ឋាភិបាលចំនួន ៣០លានដុល្លារបន្ថែមទៀត ដាក់ជាមូលនិធិបំផ្លាញចោលនូវគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយពេលថវិកាចំនួន ១៨,៤៧៣,៥៧០ដុល្លារ ដែលចេញពីរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់តាមហ្វេស៊ុករបស់សម្តេចកាលពីថ្ងៃទី០១ ធ្នូនេះ ថា ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្តេចបានពិភាក្សាជាមួយឯកឧត្តម អូន ពន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឱ្យបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថវិកាសន្សំរបស់រដ្ឋាភិបាលរួមជាមួយថវិកាពីដៃគូរអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ ក្នុងករណីដែលខ្វះខាតថវិកាសម្រាប់ឆ្នាំ២០២៤ និង ២០២៥ អាជ្ញាធរមីន ត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការរៀបចំថវិកាប្រចាំឆ្នាំដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន។
«ដើម្បីឲ្យឆ្នាំ២០២៥កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្តិភាពនិងដោយស្នាមញញឹមខ្ញុំសូមអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ សូមឲ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់របួស និងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីន រយៈពេល៥៥ឆ្នាំ (១៩៧០.២០២៥)»។ នេះជាការអំពាវនាវនិងបួងសួងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទាក់ទងនឹងការទម្លាក់ថវិកាសន្សំបន្ថែមនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តីលី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន ថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានទម្លាក់ថវិកាបន្ថែមចំនួន ៣០លានដុល្លារអាមេរិក ក្នុងផែនការបោសសម្អាតមីនក្នុងគោលដៅផ្តល់សុខសុវត្ថិភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់គ្រប់វ័យ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
អនុប្រធានទី១ នៃអាជ្ញាធរមីន រូបនេះ បានបញ្ជាក់ថា អាជ្ញាធរមីននឹងបន្តសហការជាមួយកងទ័ពជើងគោកមជ្ឈមណ្ឌលជាតិកងរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដោយប្រើប្រាស់ថវិកា ៣០លានដុល្លារនេះធ្វើការបោសសម្អាតមីនឲ្យចំគោលដៅជាអាទិភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ក្នុងគោលបំណងចូលរួមពន្លឿនផ្តល់ដីសុវត្ថិភាព។ ជាមួយគ្នានេះក្រុមការងារបច្ចេកទេសរបស់ អាជ្ញាធរមីនកំពុងធ្វើការជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំគោលនយោបាយពាក់ព័ន្ធ។
សូមបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា។ ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡានិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡារាប់បញ្ចូលទាំងគ្រាប់បែកចង្កោម។ ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាលបានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពកម្ចាត់មីននៅកម្ពុជាស្របតាមផែនការយុទ្ធសាស្ត្រជាតិ៕