រដ្ឋមន្ត្រីពាណិជ្ជកម្ម ចង់ឱ្យអាមេរិកវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផលផ្ទាល់នៅកម្ពុជា ជាងនាំចេញកសិផលស្រស់
Posted by -
Phoung Somphors
Published on -
6/12/2022 2:07 PM

ភ្នំពេញ៖ ក្រុមហ៊ុនធំៗ របស់សហរដ្ឋអាម៉េរិកជាច្រើន បានបង្ហាញឆន្ទៈក្នុងការវិនិយោគនៅកម្ពុជាក្នុងវិស័យកសិកម្ម ដើម្បីនាំចេញកសិផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខណៈដែលឯកឧត្តមលើកទឹកចិត្តអាម៉េរិកវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផលដោយផ្ទាល់នៅកម្ពុជា ជាជាងការនាំចេញកសិផលស្រស់ដោយមិនមានការកែច្នៃជាមុន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឧត្តម ប៉ាន សូរសក្តិ បានជួបពិភាក្សាជាមួយនឹងគណៈប្រតិភូវិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។នាជំនួបនោះ តំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក បានឲ្យដឹងថា សហរដ្ឋអាម៉េរិកក៏ជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិដែរ តាមរយៈការហក់ឡើងខ្លាំងនៃថ្លៃទំនិញក្នុងទីផ្សារ ពិសេសផលិតផលចំណីអាហារ និងកសិផល។

ទោះយ៉ាងនេះក្តី កម្ពុជាមានទំនិញសំខាន់ៗ ដែលមានសក្តានុពលរួមមាន គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេចអំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះជាដើម ដែលជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលរួមចំណែកក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ជាពិសេសសហរដ្ឋអាម៉េរិក។ តំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក បន្តថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗនៅសហរដ្ឋអាម៉េរិកសម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជាមានដូចជា ក្រុង Lowell នៃរដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និងរដ្ឋ Texas ជាពិសេសគឺរដ្ឋដែលមាន Cambodian Town ដែលមានប្រជាជនខ្មែររស់នៅច្រើន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប៉ាន សូរសក្តិ បង្ហាញនូវឆន្ទះខ្ពស់ចំពោះគណៈប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ក្នុងការវិនិយោគនិងនាំចេញផលិតផលកសិកម្ម។ ដើម្បីបង្កើនភាពងាយស្រួលក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាអនាម័យ និងស្តង់ដារផលិតផល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិកឲ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផលដោយផ្ទាល់នៅកម្ពុជា ជាជាងការនាំចេញកសិផលស្រស់ដោយមិនមានការកែច្នៃជាមុន។

ឯកឧត្តមរដ្ឋមន្ត្រី រូបនេះបានឲ្យដឹងទៀតថា កសិផលកម្ពុជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរួចរាល់ ប៉ុន្តែមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ នេះស្តែងឲ្យឃើញថាកសិផលកម្ពុជា ជាផលិតផលដែលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236