ប្រាក់កម្ចីពីកូរ៉េ ១៨ពាន់លានដុល្លារ សម្រាប់សង់ស្ពាននិងប្រព័ន្ធអគ្គិសនីនឹងចុះហត្ថលេខា នៅវិមានសន្ថិភាពស្អែកនេះ!
ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលនិងកិច្ចព្រមព្រៀង ដែលផ្តល់ឥណទានសម្បទានក្នុងទំហំទឹកប្រាក់សរុបជាង ១៨ពាន់លានដុល្លារសម្រាប់សាងសង់ស្ពាន និងប្រព័ន្ធអគ្គិសនី។ ពិធីនេះ នឹងធ្វើនៅវិមានសន្តិភាព ថ្ងៃទី០៩ ខែធ្នូស្អែកនេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ឥណទានសម្បទានចំនួន ១៥០០លានដុល្លារ ដែលផ្តល់ដោយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ នឹងត្រូវចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌនេះ ដោយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។
សេចក្តីប្រកាសដដែល ក៏នឹងត្រូវចុះត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន០២ផងដែរ ក្នុងទំហំទឹកប្រាក់ជាង ៣១៦លានដុល្លារ រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ទ្ធមុនីរ័ត្ន និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។
គម្រោងទី១ មានទឹកប្រាក់ចំនួន ៧០លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ និងគ្រោងទី២ មានទឹកប្រាក់ជិត ២៤៥លានដុល្លារ (២៤៥ ៩០៩ ០០០ដុល្លារ) សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-ជ្រោយចង្វារ-អរិយក្សត្រ)។
ការផ្តល់ឥណទានសម្បទាន ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនេះ នឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ៕