«ស្ពានផ្សារចាស់-អរិយក្សត្រ»បើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៣ ក្នុងទំហំទឹកប្រាក់ជាង ២៤៥លានដុល្លារ
ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលនិងកិច្ចព្រមព្រៀងនៅព្រឹកថ្ងៃទី០៩ ធ្នូនេះ ក្នុងការផ្តល់ឥណទានសម្បទានក្នុងទំហំទឹកប្រាក់សរុបជាង ១៨ពាន់លានដុល្លារសម្រាប់សាងសង់ស្ពាន និងប្រព័ន្ធអគ្គិសនី។ ក្នុងនោះ ទឹកប្រាក់សម្រាប់សាងសង់ស្ពានស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-អរិយក្សត្រ) មានទំហំជាង ២៤៥លានដុល្លារ។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលសម្ភាសន៍ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៣ ខាងមុខ។ មុននឹងដំណើរការនៃការសាងសង់ស្ពាននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើនិតិវិធីជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីជ្រើសរើសក្រុមហ៊ុនសម្រាប់ដោះស្រាយផលប៉ះពាល់ និងសាងសង់ស្ពាន។
ស្ពាននេះ សាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ដែលមានភ្ជាប់ដោយខ្សែកាប និងជាប្រភេទជើងសសរទម្រមានរង្វើល មានភាពងាយស្រួលក្នុងការឆ្លងកាត់ចេញចូលក្រោមស្ពាន។គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក៕