ADB ផ្តល់ប្រាក់ជំនួយនិងកម្ចីសរុប ៧៣លានដុល្លារ ដើម្បីនិរន្តរភាពជលផលតំបន់ឆ្នេរនិងសមុទ្រកម្ពុជា
Posted by -
Phoung Somphors
Published on -
10/12/2022 10:13 AM

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ហិរញ្ញប្បទានចំនួន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និរន្តរភាពនៃជលផល​តំបន់​​ឆ្នេរ និងសមុទ្រនៅកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADBនៅថ្ងៃទី០៨ ធ្នូនេះ ថវិកា២២លានដុលារ ជាជំនួយឥតសំណងដែល ADB ផ្តល់ឱ្យ និង ៥១លានដុល្លារទៀត ជាប្រាក់កម្ចី ក្នុងនោះ ៤១លានដុល្លារ ពី ADB, ១០លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមជំនួយ (ACGF) និងប្រមាណ២០លានដុល្លារ ពីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD)។

លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិនិងកសិកម្មរបស់ ADB ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា គម្រោងនេះ គឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យ ជលផលសមុទ្រហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រ ប្រកបដោយ ផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។

ការអនុម័តកញ្ចប់ថវិកាដល់កម្ពុជា ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុនិរន្តរភាពនៃជលផល​តំបន់​​ឆ្នេរ និងសមុទ្រនៅកម្ពុជានេះ ត្រូវបានលោក Alvin Lopez ថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល រួមមានក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្តីពីគោលការណ៍ក្នុងការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជាឆ្នាំ២០១៩ សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាពផងដែរ។

សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងផងដែរថា អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃផលទុនជាតិសរុប។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យជលផល ប៉ុន្តែ ការនេសាទលើសកម្រិត និងហានិភ័យអាកាសធាតុនិងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យតម្លៃត្រីកើនឡើងទៀតផង។

គម្រោងបង្កើនភាពធន់នឹងអាកាសធាតុ និរន្តរភាពនៃជលផល​តំបន់​​ឆ្នេរ និងសមុទ្រនៅកម្ពុជា ដែលមានកញ្ចប់ថវិកាសរុប ៧៣លានដុល្លារនេះ ADB រំពឹកថា នឹងចូលរួមចំណែកពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វា​ដល់​បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃផងដែរ។ គម្រោងនេះ ក៏នឹងជួយឱ្យខេត្តជាប់មាត់​សមុទ្រ​កម្ពុជារួមមាន ខេត្តកំពត​​ កែប កោះកុង និងខេត្តព្រះសីហនុ​ ដើម្បីឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃវិស័យជលផលលើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផលនេសាទ​ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។

ADB រំពឹងថា គម្រោងនេះ ជលផលក្បែរឆ្នេរសមុទ្រប្រហែល៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និងនិរន្តរភាព ហើយជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរនិងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជាសហគ្រាសរស់រវើក។ ជាពិសេសគម្រោងនេះ នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូចនិងមធ្យម។

ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អង្គការសហគមន៍នេសាទចំនួន២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន១៥ ដែលមានសមាជិកប្រមាណ ២ម៉ឺនគ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រមាណ ២0ម៉ឺននាក់ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236