កម្ពុជា-អង់គ្លេស ពិនិត្យលទ្ធភាពបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នានាពេលខាងមុខ
Posted by -
Phoung Somphors
Published on -
10/12/2022 11:01 AM

ភ្នំពេញ៖ កម្ពុជា និងអង់គ្លេស បានពិភាក្សានិងពិនិត្យលទ្ធភាពរៀបចំអនុសារណៈ នៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ស្តីពី«ការបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នានាពេលខាងមុខ»។ អនុស្សរណៈនៃការយោគយល់នេះ នឹងក្លាយជាឧបករណ៍សម្រាប់តភ្ជាប់ទំនាក់ទំនងវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងចែករំលែកនូវកាលានុវត្តភាពនានារវាងដៃគូធុរកិច្ចនៃប្រទេសទាំងពីរ។នេះបើតាមការឱ្យដឹងពីលោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ។

នាជំនួបពិភាក្សាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងកាលានុវត្តភាពនាពេលអនាគត កាលពីថ្ងៃទី៨ ធ្នូនេះ ក្រៅពីពិនិត្យលទ្ធភាពរៀបចំអនុសារណៈ នៃការយោគយល់អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ លោក ថុល ណារ៉ា បានលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តសហប្រតិបត្តិការជាមួយជាមួយចក្រភពអង់គ្លេស។ ទន្ទឹមនឹងនេះ លោក ថុល ណារ៉ា ក៏បានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តចូលរួមក្នុងការសហការជាបន្តបន្ទាប់ ដើម្បីបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងដៃគូវិស័យឯកជននិងធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជំនួបជាមួយប្រតិភូចក្រភពអង់គ្លេសដែលដឹកនាំដោយលោកស្ទូវើត ក្លេតុន (Stewart Clayton) ប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា លោក ថុល ណារ៉ា ក៏បានលើកឡើងពីសារសំខាន់នៃចំណងមិត្តភាព និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសខណៈពេលដែលប្រទេសទាំងពីរគ្រោងនឹងប្រារព្ធខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ លោក ថុល ណារ៉ា តំណាងឱ្យភាគីកម្ពុជា អរគុណដល់រដ្ឋាភិបាលអង់គ្លេសសម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានស្នើសុំឱ្យមានការជួយគាំទ្រដល់កម្ពុជាបន្ថែម។

ក្នុងជំនួបដដែរនេះ ភាគីកម្ពុជា ក៏បានលើកឡើងពីវឌ្ឍនភាពនានាដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មកម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក។ ជាពិសេស ការធ្វើពិពិធកម្មទីផ្សារនាំចេញឲ្យកាន់តែទូលំទូលាយនិងតម្រូវការចាំបាច់ក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្មនិងភាពប្រកួតប្រជែងសំដៅស្តារឡើងវិញនិងបង្កើនភាពធន់នៃសេដ្ឋកិច្ចក្រោយវិបត្តិសកលកូវីដ-១៩។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អង់គ្លេសក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៨៣៧,៦៦លានដុល្លារ ជាមួយនឹងកំណើនប្រមាណជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236