កម្ពុជា ផ្តោតអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រទាំង៤ ជាប៉ូលសេដ្ឋកិច្ចទី២ ជំរុញកំណើនសេដ្ឋកិច្ចជាតិ
Posted by -
Phoung Somphors
Published on -
10/12/2022 5:42 PM

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី២ របស់ប្រទេស ជាពិសេសខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលបានកំណត់គោលដៅអភិវឌ្ឍជា«តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»។ តំបន់ឆ្នេរទាំង៤ របស់កម្ពុជា ដើរតួនាទីសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដើម្បីជំរុញឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី២​ ដ៏មានសក្តានុពលកាន់តែខ្លាំង បន្ទាប់ពីតំបន់រាជធានីភ្នំពេញ រដ្ឋាភិបាលបានសម្រេចចំណាយថវិកាជាតិប្រមាណ​ ៣០០លានដុល្លារ សាងសង់បណ្តាញផ្លូវ ៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាអាងប្រព្រឹត្តកម្មទឹកកង្វក់ និងការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តជាសាធារណៈ ដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

នៅក្នុងពិធីពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុនាថ្ងៃទី១០ ខែធ្នូនេះ សម្តេច ហ៊ុន សែន បានឱ្យដឹងថា តំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ។ តំបន់ឆ្នេរសមុទ្រដែលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី២នេះ មានលក្ខណប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និងរាជធានីភ្នំពេញផងដែរ។

ទាក់ទងនឹងការចូលជាសមាជិកក្លឹបឆ្នេរសុទ្រឯណេះវិញ​ រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះ បានស្តែងឲ្យឃើញពីរបត់ថ្មីនៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគររូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញារក្សាឲ្យបាននូវសមាជិកភាពក្នុងក្លឹប និងខេត្តក្នុងតំបន់ឆ្នេរសមុទ្រទាំង៤ ឲ្យក្លាយជាទីក្រុងឆ្នេរសមុទ្រដែលមាននិរន្តភាព។ ការប្តេជ្ញារនេះ បានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សម្រាប់លម្ហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង។ ចំណែកខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត។ រីឯ ខេត្តកំពត ជាគោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ និងខេត្តកោះកុង ជាគោលដៅអេកូទេសចរណ៍លំដាប់ពិភពលោក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236