យុវជនខ្លះដឹងថា«សន្សំលុយល្អ» តែមិនសន្សំ និងសន្សំតាមវិធីងាយដកចាយ
Posted by -
Phoung Somphors
Published on -
12/12/2022 11:04 AM

ភ្នំពេញ៖ ការដែលមិនបានគិតគូរដល់ហានីភ័យមួយចំនួន ដែលត្រូវការលុយយកមកដោះស្រាយធ្វើឱ្យយុវជនមួយចំនួនមើលរំលងពីអត្ថប្រយោជន៍នៃការសន្សំលុយ។ សម្រាប់យុវជនមួយចំនួនទៀតបើទោះបានដឹងច្បាស់អំពីហានីភ័យ ឬបានសិក្សាស្វែងយល់អំពីចំណេះដឹងហិរញ្ញវត្ថុការគ្រប់គ្រងចំណូលចំណាយផ្ទាល់ខ្លួនជាដើម ពួកគេនៅតែមិនសូវយកចិត្តទុកដាក់អំពីការសន្សំលុយនេះដដែលខណៈដែលមានយុវជនខ្លះខំចាយរិះថាំ ដើម្បីសល់លុយច្រើនសម្រាប់ទុកសន្សំយកទៅប្រើប្រាស់តាមគោលបំណងថ្ងៃអនាគតរបស់ពួកគេ។

កញ្ញា គន សុជា ម្នាក់ដែលបានសិក្សារៀនសូត្រអំពីចំណេះហិរញ្ញវត្ថុផ្ទាល់ខ្លួន។ យុវតីដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំ និងបច្ចុប្បន្នធ្វើការងារនៅក្រុមហ៊ុនឯកជនមួយនារាជធានីភ្នំពេញ រូបនេះ បានប្រាប់ពីសារសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ ដូច្នេះថា៖«ពេលមានចំណេះដឹងហិរញ្ញវត្ថុ គឺចេះចាយលុយដោយឱ្យមានខ្ទង់ត្រឹមត្រូវ,ប្រើប្រាស់លុយធ្វើអ្វីមួយដោយមានគោលដៅច្បាស់លាស់ និងចាយតាមតម្រូវការមិនមែនចាយតែតាមចំណង់នោះទេ។ មុននឹងចាយលុយត្រូវគិតគូរឱ្យបានវែងឆ្ងាយ មិនមែនគិតថាអស់ប៉ុណ្ណឹងសោះ តែពេលបូកសរុបម្តងៗទើបដឹងថាអស់ច្រើន»។

នៅពេលដែលសួរសំណួរអំពីសារសំខាន់នៃការសន្សំលុយកញ្ញាវ័យ២៥ឆ្នាំ រូបនេះ បានឆ្លើយដោយលះៗថា ការសន្សំលុយជាការល្អសម្រាប់តម្រូវការនៅពេលចាំបាច់ពេលចង់ធ្វើអ្វីមួយមានលុយស្រាប់ ឬទិញរបស់ប្រើប្រាស់ផ្សេងៗ​ ជាពិសេស ពេលចាំបាច់គឺជួយបានច្រើន​។ទោះដឹងច្បាស់ពីគុណសម្បត្តិនៃការសន្សំលុយបែបនេះក៏ដោយ ក៏ សុជា មិនបានសន្សំលុយនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុឬមធ្យោបាយផ្លូវការណាមួយឡើយ ព្រោះប្រាក់ចំណូលនៅមានកម្រិត ហើយត្រូវចំណាយច្រើន។ សុជាត្រូវចំណាយទៅលើបង់ទឹកភ្លើង បន្ទប់ជួល ថ្លៃចាក់សាំងនិងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាដើម រួមទាំងត្រូវជូនឪពុកម្តាយនៅឯស្រុកចំនួន១០០ដុល្លារជារៀងរាល់ខែទៀតផង។

កញ្ញា​ គន សុជា

តែយ៉ាងណាមិនអស់សន្សំសោះនោះទេ ពោលគឺកញ្ញា គន សុជា បានសន្សំចំនួន៥០ដុល្លារក្នុងមួយខែ ដោយ សុជា បានគិតគូរដល់ហានីភ័យនៅពេលដែលមិនមានលុយសម្រាប់ប្រើប្រាស់ក្នុងករណីបន្ទាន់ណាមួយ។ការសន្សំនោះ សុជា បានវេរប្រាក់ពីគណនីធនាគារសម្រាប់បើកប្រាក់ខែមកដាក់ក្នុងគណនីសន្សំ ប៉ុន្តែ អាចដក់ចាយវិញនៅពេលណាក៏បាន ដោយមិនបានដកប្រាក់នោះទៅសន្សំជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការនិងសន្សំតាមកាលកំណត់ ដែលមិនអាចវិញភ្លាមៗទេ ព្រោះខ្លាចដាក់លុយចាយ។

ការជ្រើសរើសមធ្យោយសន្សំបែបនេះ សុជា បានពន្យល់ថា ងាយស្រួលដកសម្រាប់ចំណាយបន្ទាន់ ឬចាំបាច់ណាមួយដោយមិនចាំបាច់រកខ្ចីគេឬត្រូវចង់ការប្រាក់ខែ។ យុវតីវ័យ២៥ឆ្នាំ គន សុជា បញ្ជាក់ដូច្នេះថា៖«ខ្ញុំមានចរិតមួយមិនហ៊ានខ្ចីគេព្រោះមានអាម្មណ៍ខ្មាសអៀននៅពេលដែលខ្ចីលុយគេចាយ។ អាយុប៉ុណ្នឹងហើយ ធំប៉ុណ្ណឹងហើយគា្រន់តែលុយចាយត្រូវខ្ចីគេចាយដែរ»។

ចំណែក យុវជន ឃាន ពិសិទ្ធ អាយុ២០ឆ្នាំ បានឱ្យតម្លៃទៅលើចំណេះដឹងហិរញ្ញវត្ថុ ថា នៅពេលដែលយើងមានចំណេះដឹងហិរញ្ញវត្ថុ យើងអាចចាត់ចែងលុយកាក់របស់យើងបានត្រឹមត្រូវ និងប្រើប្រាស់លុយក៏ដូចជាសន្សំទៅតាមផែនការអនាគតដែលយើងចង់បាន។ ពិសិទ្ធ ដែលជានិស្សិតវិទ្យាស្ថានស៊ីអ៊ីអូ និងជាបុគ្គលិកហាត់ការនៅក្រុមហ៊ុនឯកជនមួយ បាននិយាយថា ទោះមានប្រាក់ខែតិចតែពិសិទ្ធ ចាយសល់លុយ មិនមែនសល់ថ្ងៃដូចពាក្យដែលអ្នកចាយលុយអស់មុនដាច់ខែតែងនិយាយនោះទេ។ នេះមកពីយុជន ឃាន ពិសិទ្ធ មានរបៀបចាយលុយ និងទម្លាប់សន្សំសំចៃដោយ ពិសិទ្ធបញ្ជាក់ថា៖«ខ្ញុំគិតពីម៉ាក់ខ្ញុំ បើខ្ញុំចាយលុយអស់ហើយ ទៅសុំម៉ាក់គឺអត់សមធំប៉ុណ្ណឹងហើយ មានអារម្មណ៍ថាខ្មាស់ខ្លួនឯង ខ្មាស់ម៉ាក់ និងមានគោលដៅច្បាស់បើអស់សន្សំធ្វើមិចទើបអាចសម្រេចគោលដៅបាន។

យុវជន ឃាន ពិសិទ្ធ

យុជនដែលមានស្រុកកំណើតនៅខេត្តព្រៃវែង និងបច្ចុច្បន្នរស់នៅភ្នំពេញ ឃាន ពិសិទ្ធ បានប្រាប់ពីទម្លាប់សន្សំលុយរបស់ខ្លួនដោយដក ១០ភាគរយនៃប្រាក់ខែជាបុគ្គលិកហាត់ការមកសន្សំ និងសន្សំបន្ថែមនៅពេលដែលសល់ពីខ្ទង់សម្រាប់ចំណាយប្រចាំថ្ងៃ ថា កើតចេញពីការអានសៀវភៅ មានគោលដៅច្បាស់លាស់ និងឪពុកម៉ាក់បង្រៀនឱ្យចេះសន្សំតាំងពីតូចមកផងដែរ។ ប្រាក់សន្សំបន្តិចម្តងៗនេះ ពិសិទ្ធ មានបំណងយកទៅបើកអាជីវកម្មនិងវិនិយោគតាមផែនការនិងក្តីស្រមៃរបស់ខ្លួន។

 

និយាយពីកញ្ញាវ័យ២០ឆ្នាំ ចំរើន មាលតី វិញម្តង។ យុវតីមាលតី ក៏លើកឡើងពីសារសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុសដៀងគ្នានឹងកញ្ញា សុជា និងយុជនពិសិទ្ធ ដែរ។ និស្សិតអាហារូបករណ៍ជំនាញគ្រប់គ្រងធុរកិច្ច ឆ្នាំទី៣ នៃសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាបុគ្គលិកធ្វើការងារនៅក្នុងក្រុមហ៊ុនឯកជន រូបនេះ បាននិយាយពីផលលំបាកដែលមិនគិតគូពីការសន្សំលុយដូច្នេះថា បើមិនសន្សំនឹងមានហានីភ័យច្រើន ហើយជាពិសេស ពេលមានតម្រូវការបន្ទាន់គឺពិបាករកខ្ចីគេ ហើយបើពេលចង់ទិញរបស់អ្វីមួយត្រូវការពេលយូរ ដើម្បីបានលុយទិញដូចជាទូរស័ព្ទជាដើម។

កញ្ញា ចំរើន មាលតី

ជាកូនអ្នករាជធានីភ្នំពេញ ចំរើន មាលតី ដែលរៀនបណ្តើរធ្វើការងារបណ្តើរផងនោះ បាននិយាយទៀតថា ការមិនបានសន្សំលុយនោះ គឺពេលបើកប្រាក់ខែមកចាយអស់មានម្រូវការប្រចាំថ្ងៃច្រើនដែលសុទ្ធតែជាតម្រូវការចាំបាច់ក្នុងការចំណាយរួមទាំងចំណាយបង់ថ្លៃសេវាអ៊ីនធើណិត និងជួយទិញម្ហូបអាហារនិងរបស់ញ៉ាំផ្សេងៗដាក់ផ្ទះផងដែរដែលជាកត្តាមិនអនុញ្ញាឱ្យ មាលតី មានលុយសន្សំ បើទោះដឹងច្បាស់ការសន្សំជាការសំខាន់ក៏ដោយ។ ទោះស្ថានភាពបច្ចុប្បន្នយ៉ាងនេះក្តី តែកញ្ញា ចំរើន មាលតី ក៏មានគម្រោងសន្សំនៅ២ឆ្នាំខាងមុខទៀត ពោលគឺនៅពេលកញ្ញាមានប្រាក់ខែច្រើនជាងនេះ។

សម្រាប់អ្នកជំនាញផ្នែកចំណដឹងហិរញ្ញវត្ថុ បានឱ្យលើកឡើងថា ទោះមានប្រាក់ខែច្រើនក៏នៅតែពិបាកនឹងសល់លុយសម្រប់សន្សំដែរ ប្រសិនបើមិនមានផែនការសម្រាប់សន្សំ និងមិនបានដកសម្រាប់សន្សំមុននឹងចាយ។ អ្នកជំនាញ បន្តទៀតថា ទោះតិចឬច្រើនគួរតែមានទម្លាប់សន្សំ ដោយមានផែនការច្បាស់លាស់ហើយដាក់សន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការក្នុងរយៈពេលកំណត់ណាមួយ ហើយទទួលបានការប្រាក់ទៀតផង។ ពេលនោះ យុវជនអាចសល់លុយមួយកញ្ចប់តាមទំហំនិងពេលវេលាដែលពួកគាត់បានសន្សំសម្រាប់យកទៅធ្វើអ្វីផ្សេងទៀត​ តាមផែនការដែលពួកគាត់ចង់បាន។ ជាពិសេស​ គឺសន្សំសម្រាប់តម្រូវការបន្ទាន់ដែលកើតឡើងដោយឥតព្រៀងទុក ឬហេតុការណ៍ចៃដន្យណាមួយ ដោយសន្សំឱ្យបាន៣ដងទៅ៦ដងនៃប្រាក់ខែ ឬច្រើនជាងនេះ ដើម្បីអាចជួយដោះស្រាយពេលកើតមានបញ្ហានោះក្នុងមួយរយៈពេលមួយផងដែរ។ អត្ថប្រយោជន៍នៃការសន្សំនេះ គឺលើសពីលុយដែលយើងបានសន្សំយ៉ាងដូច្នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236