អូស្រ្តាលី ផ្តល់ជំនួយ៦៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈកម្មវិធី CAP RED
ភ្នំពេញ៖ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថារដ្ឋាភិបាលអូស្រ្តាលី បានផ្តល់បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ៦៥លានដុល្លាអាមេរិកសម្រាប់អនុវត្តកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED)។ CAP RED នឹងរួមគ្នារវាងវិស័យឯកជន និងរដ្ឋាភិបាលកម្ពុជាដើម្បីរិះរកដំណោះស្រាយមកជំរុញកំណើនសេដ្ឋកិច្ចជាតិដោយផ្តោតលើវិស័យចំនួន៤ ។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាជិតផុតអាណត្តិឯកឧត្តម Pablo Kang នាជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់កម្ពុជាបានឱ្យដឹងនៅថ្ងៃទី១២ ធ្នូនេះ ថា មូលនិធិក្រសួងការបរទេស និងពាណិជ្ជកម្មនៃរដ្ឋាភិបាលអូស្ត្រា តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួន ៨៧លានដុល្លារអូស្ត្រាលី (ប្រមាណ ៦៥លានដុល្លារអាមេរិក) សម្រាប់អនុវត្តកម្មវិធី CAPRED ដែលមានរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០២២ដល់ខែមិថុនា ឆ្នាំ២០២៧។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងទៀតថាកម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាងវិស័យឯកជននិងរដ្ឋាភិបាលកម្ពុជាកំណត់និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាពភាពធន់ និងបរិយាបន្ន ដោយផ្តោតលើវិស័យគោលចំនួន៤ គឺ ១. ហេដ្ឋារចនាសម្ព័ន្ធ, ២. ពាណិជ្ជកម្ម និងវិនិយោគ, ៣. កសិកម្មនិងកសិឧស្សាហកម្ម និង ៤. យេនឌ័រ និងបរិយាបន្ន។
កម្មវិធី CAP RED ដែលបានអនុវត្តតាំងពីខែមិថុនាឆ្នាំ២០២២មកនោះ ត្រូវបានឯកឧត្តម Pablo Kang នឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត នាពេលខាងមុខ ចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម ជាមួយនឹងឯកឧត្តម អូនព័ទ្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង ថ្ងសទី១២ ធ្នូនេះ សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់បន្តទៀត។ កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ គឺជាឯកសារសម្រាប់រៀបចំយន្តការជាក់ស្តែង ដើម្បីឈានដល់ការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធី CAP RED ដែលជាក្របខណ្ឌនៃការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ក្រសួងការបរទេសនិងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា៕