ADB អនុម័តថវិកាជិត ៦៣លានដុល្លា ឱ្យកម្ពុជាលើកកម្ពស់សន្តិសុខស្បៀងនិងខ្សែសង្វាក់តម្លៃបសុសត្វ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តថវិកាចំនួន ៦២,៩លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់សន្តិសុខស្បៀងនិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការកែលម្អសុខភាពនិងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផលបសុសត្វ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែនក្នុងមហាអនុតំបន់មេគង្គ នឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារយ៉ាងហោចណាស់ ៤០,០០០គ្រួសារ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែងសៀមរាប និងតាកែវ។ ជំនួយនេះ ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសមត្ថភាពស្ថាប័ននិងបច្ចេកទស និងគោលនយោបាយគាំទ្រសំខាន់ៗ រួមទាំងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកណ្តាលកំពង់ធំ និងពោធិ៍សាត់ ដើម្បីបំពេញតម្រូវការទូទាំងប្រទេសសម្រាប់វ៉ាក់សាំងបសុសត្វនិងការបង្កាត់ពូជសិប្បនិម្មិត។
គម្រោងខាងលើនេះ នឹងលើកកម្ពស់ផលិតភាពនិងភាពធន់នៃអនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វភាពស៊ាំនិងថ្នាំសំលាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវាដែលធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងមហាអនុតំបន់មេគង្គ។
ចំពោះ គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែនក្នុងមហាអនុតំបន់មេគង្គ ទទួលបានហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ៥០លានដុល្លារ ពីធនធានសម្បទានរបស់ ADB។ ចំណែក ១២ លានដុល្លារទៀតទទួលបានជំនួយពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) និងជំនួយឥតសំណងចំនួន $៩០០,០០០ បានពីមូលនិធិបំរែបំរួលអាកាសធាតុ (CCF)។ ដោយឡែកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIB) ក៏នឹងផ្តល់ប្រាក់កម្ចីចំនួន៤៣ លានដុល្លារ ដល់គម្រោងនេះផេងដែរ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយ ADB។
អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha បានលើកឡើងថាអនុវិស័យបសុសត្វមានសារៈសំខាន់ណាស់ចំពោះជីវភាពរស់នៅតាមតំបន់ជនបទ ប្រកដោយនិរន្តភាពនិងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជាដោយផ្តល់ឱកាសជាច្រើនសម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រីនិងកសិអាជីវកម្មខ្នាតតូច និងមធ្យម។ ហើយសត្វពាហនៈ និងក្របីស្ទើរតែទាំងអស់គឺជាកម្មសិទ្ធិរបស់កសិករលក្ខណៈគ្រួសារ ទោះបីជាផលិតកម្មជ្រូកនិងបសុបក្សីកំពុងមានលក្ខណៈជាពាណិជ្ជកម្មកាន់តែខ្លាំងឡើងក៏ដោយ។
លោក Srinivasan Ancha បន្តថា ជំនួយរបស់ ADB នឹងអនុញ្ញាតឲ្យអនុវិស័យនេះអាចទាញយកសក្តានុពលនៃកំណើនខ្ពស់នាំមកនូវការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុកដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ចនគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្មនិងការធ្វើឲ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ។
សម្រាប់ជំនួយរបស់ ADB ផ្ទាល់ក៏នឹងលើកកម្ពស់ផលិតកម្មបសុសត្វបត់បែនតាមអាកាសធាតុដែលជាវិធីសាស្ត្រធ្វើអន្តរកម្ម និងតម្រង់ទិសប្រព័ន្ធបសុសត្វឆ្លើយតបនឹងបំរែបំរួលអាកាសធាតុព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនក្នុងមួយតោននៃសាច់ដែលផលិតនិងធ្វើឲ្យប្រសើរឡើងនូវនិរន្តភាពតាមខ្សែសង្វាក់តម្លៃបសុសត្វ។ ជាពិសេសជួយគាំទ្រដល់ការអនុវត្តវិធីសាស្ត្រ One Health ដែលមានបំណងធ្វើឲ្យមានតុល្យភាពប្រកបដោយនិរន្តភាពដែលធ្វើឲ្យអន្តរកម្មការគ្រប់គ្រងបសុសត្វឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងឌីជីថលនិងសេវាកម្មព័ត៌មាន។
ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាថានឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តភាពក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ ធនាគារនេះបង្កើតឡើងនៅឆ្នាំ ១៩៦៦គ្រប់គ្រងដោយសមាជិកចំនួន ៦៨ប្រទេស ដែលក្នុងនោះមាន ៤៩ប្រទេសមកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕