រដ្ឋមន្ត្រីកសិកម្មថ្មី ឱ្យមន្ត្រីពង្រឹងច្បាប់រកឫសគល់បញ្ហា ប្រឆាំងការសម្អាតប្រាក់ក្នុងវិស័យព្រៃឈើនិងជលផល
ភ្នំពេញ៖ ការងារប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើនិងជលផលជាការងារដ៏សំខាន់ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ឯកឧត្តម ឌិត ទីណា បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលព្រៃឈើអំពីវឌ្ឍនភាពការងារប្រឆាំងការសម្អាតប្រាក់ ដល់ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីកាលពីថ្ងៃទី១៣ ខែធ្នូនេះ ដោយឯកឧត្តម បញ្ជាក់ថា មន្ត្រីពង្រឹងច្បាប់ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកឫសគល់ឲ្យដល់ប្រភពដើម។
ឯកឧត្តម ឌិត ទីណា នៅពីថ្ងៃទី១៤ ខែធ្នូ តាមការបង្ហោះសារលើផេកផ្លូវការរបស់ខ្លួនថា បទល្មើសលាងសម្អាតប្រាក់ ជាឧបសគ្គដល់ការអភិវឌ្ឍរបស់កម្ពុជា។ ចំណែកការងារប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់នេះត្រូវធ្វើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
នាជំនួបប្រជុំរបស់មន្ត្រីក្រសួងកសិកម្មដដែរនេះ ឯកឧត្តមរដ្ឋមន្ត្រីថ្មី រូបនេះ បានណែនាំឲ្យរដ្ឋបាលព្រៃឈើពង្រឹងការអនុវត្តច្បាប់តាមមធ្យោបាយនានា ប្រកបដោយយុទ្ធសាស្ត្រ ពិនិត្យលើការដោះស្រាយបញ្ហាតម្រូវការឈើប្រើប្រាស់ជាក់ស្តែង ធៀបនឹងតម្រូវការអភិរក្សក្រោមគោលការណ៍អភិវឌ្ឍព្រៃឈើ។ ការណែនាំនិងរកដំណោះស្រាយនេះ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនរកចំណូលជូនជាតិប្រកបដោយនិរន្តរភាព និងផ្តល់ជាជម្រកដ៏កក់ក្តៅដល់សត្វព្រៃនិងប្រព័ន្ធជីវៈចម្រុះទាំងអស់ដែលរស់នៅក្នុងព្រៃ៕