មេពន្ធដារ ឱ្យត្រៀមប្រមូលចំណូលពន្ធក្នុងវិស័យកាស៊ីណូ និងពង្រឹងការអង្កេតវិស័យអចលនទ្រព្យ
Posted by -
Phoung Somphors
Published on -
15/12/2022 3:07 PM

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ពន្ធដារ ត្រៀមរៀបចំវិធានការនិងនីតិវិធីសម្រាប់ការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងវិស័យល្បែងពាណិជ្ជកម្ម (កាស៊ីណូ)។ ឯកឧត្តម គង់ វិបុល ក៏បានលើកពី ការពង្រឹងការចុះអង្កេតអចលនទ្រព្យទៅលើការធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងគោលដៅពង្រឹងការផ្តល់សេវាជូនសាធារណជនជាម្ចាស់អចលនទ្រព្យ និងក្នុងការប្រកាសបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំផងដែរ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលពន្ធចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំងការដាក់ទិសដៅសម្រាប់អនុវត្តបន្ត ដែលធ្វើឡើងតាមប្រពន្ធអនឡាញ កាលពីថ្ងៃទី១៣ ខែធ្នូនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធ ឯកឧត្តមគង់ វិបុល បានបន្តថា ការត្រៀមប្រមូលចំណូលពន្ធ និងចុះអង្កេតលើអចលនទ្រព្យនេះអង្គភាពគ្រប់គ្រងអ្នកជាប់ពន្ធត្រូវជំរុញនិងតាមដានការចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសមានសកម្មភាព។

សម្រាប់ក្រុមហ៊ុន/សហគ្រា ដែលមិនទាន់បានចុះបញ្ជីនិងចុះត្រួតពិនិត្យក្នុងករណីចាំបាច់ ត្រូវស្នើសុំកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ ដើម្បីទទួលបានព័ត៌មានអំពីប្រតិបត្តិការហិរញ្ញវត្ថុឬស្ថានភាពចំណូល-ចំណាយ ដើម្បីពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកសកម្មភាពឬបញ្ឍប់សកម្មភាពជាស្ថាពរ។

ឯកឧត្តម គង់ វិបុល ក៏បានឱ្យមន្ត្រីក្រោមឱវាទពង្រឹងការងារគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ និងត្រូវបន្តផ្សព្វផ្សាយអំពីកាតព្វកិច្ចចុះបញ្ជីនិងកាតព្វកិច្ចសារពើពន្ធផ្សេងទៀត ចំពោះសហគ្រាសដែលមានប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ការពង្រឹងប្រព័ន្ធប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ បានរួមចំណែកប្រមូលចំណូលពន្ធដារជារៀងរាល់ខែ។ ការប្រមូលចំណូលពន្ធក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្រេចបាន ២២,៥៤ ប៊ីលានរៀល (ប្រមាណ ៥,៥៦ លានដុល្លារ) និងសម្រាប់រយៈពេល ១១ខែនៃឆ្នាំ២០២២នេះ ពន្ធដារ​ រកចំណូលបានចំនួន១៣ ០១៦,៩៣ ប៊ីលានរៀល (ប្រមាណ ៣២១៤,០៦លានដុល្លារ) ស្មើនឹង ១១៣,៩៩% នៃផែនការប្រចាំឆ្នាំ២០២២ ដែលលើសផែនការកំណត់ដោយច្បាប់ក្នុងរង្វង់ប្រមាណ ១៤% ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236