ADB គាំទ្រកម្មវិធីអន្តរកម្មថាមពល ដោយផ្តល់កម្ចីនិងថវិកាវិនិយោគសរុបចំនួន ៧៣លានដុល្លារ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីដោយផ្អែកលើគោលនយោបាយចំនួន៥០ លានដុល្លារ ទៅលើកម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពល និងថវិកាចំនួន២៣ លានដុល្លារទៀត សម្រាប់ការវិនិយោគគម្រោង ដើម្បីគាំទ្រអន្តរកម្មថាមពលរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះទទួលបានប្រាក់កម្ចីចំនួន ៤០លានដុល្លារ ពីធនធានសម្បទានរបស់ ADB ដែលរួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជា។ ចំណែកប្រាក់កម្ចីចំនួន១០លានដុល្លារទៀត ទទួលបានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ានដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន (ACGF)។
ចំពោះការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣លានដុល្លារ ទទួលបានប្រាក់កម្ចីចំនួន ៦លានដុល្លារ ពីកម្មវិធីបង្កើនថាមពលកកើតឡើងវិញសម្រាប់កម្ពុជារបស់មូលនិធិវិនិយោគអាកាសធាតុ និងជំនួយ ៥ លានដុល្លារ ជាហិរញ្ញប្បទានអាកាសធាតុ។ មូលនិធិអាកាសធាតុបៃតងនឹងបន្ថែមប្រាក់កម្ចីចំនួន ១២ លានដុល្លារទៀតតាមរយៈកម្មវិធីការស្តារឡើងវិញបៃតងនៃហិរញ្ញវត្ថុ កាតាលីករបៃតងអាស៊ាន។ដែលថវិកាទាំងអស់នេះគ្រប់គ្រងដោយ ADB។
កម្មវិធីខាងលើគាំទ្ររបៀបវារៈ នៃអន្តរកម្មថាមពលរបស់រដ្ឋាភិបាលកម្ពុជាដើម្បីបង្កើតថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ដោយផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។និងបង្កើតការធ្វើផែនការនិងបទបញ្ញត្តិដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពលដើម្បីបង្កើនភាពបត់បែននិងភាពធន់ និងពង្រឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្ត្រ ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។
ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវិស័យសាធារណៈសម្រាប់មហាអនុតំបន់មេគង្គរបស់ ADB លោក Pradeep Tharakan បានឲ្យដឹងថា កម្មវិធីអន្តរកម្មថាមពលរួមបញ្ចូលនូវកំណែទម្រង់គោលនយោបាយនិងការវិនិយោគគម្រោង ដែលគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានផលជាអតិបរមា។ គម្រោងនេះត្រូវបានរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈនិងឯកជនជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រិសទ្ធភាពថាមពល និងថ្មផ្ទុក។ព្រមទាំងជួយកំណត់គោលដៅថាមពលស្អាតសម្រាប់ប្រទេស និងរួមបញ្ចូលការអភិវឌ្ឍថាមពលនិងការធ្វើផែនការប្រើប្រាស់ថាមពលក្នុងវិស័យផ្សេងៗរួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដែលឆ្លើយតបនឹងអាកាសធាតុ។
ដោយឡែក ការវិនិយោគគម្រោងក្រោមកម្មវិធីអន្តរកម្មថាមពល នឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការអភិវឌ្ឍប្រព័ន្ធថ្មផ្ទុកថាមពលដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេរបស់កម្ពុជាដែលនឹងផ្តល់លទ្ធភាពបន្ថែមឲ្យប្រភពកកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនីនិងកែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។ ការវិនិយោគនេះក៏រួមបញ្ចូលនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវប្រកបដោយប្រសិទ្ធភាពក្នុងកម្រិតទីរួមខេត្តនៅកំពតនិងកែប ដែលនឹងនាំដល់ការសន្សំសំចៃនឹងអត្ថប្រយោជន៍សម្រាប់វិស័យទេសចរណ៍និងសុវត្ថិភាពសាធារណៈផងដែរ។
លើសពីនេះ ប្រព័ន្ធដែលភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់របស់ប្រទេសត្រូវបានជំរុញដោយវិស័យឯកជន និងផ្តល់ហិរញ្ញប្បទានដោយ ADB ក្នុងឆ្នាំ ២០១៦។ ដោយមានការគាំទ្របន្ថែមពី ADB ក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលបានរៀបចំផែនការថាមពលពន្លឺព្រះអាទិត្យនិងដាក់ឲ្យដំណើរការសួនថាមពលពន្លឺព្រះអាទិត្យដំបូងបង្អស់របស់កម្ពុជា ដែលមានសមត្ថភាព ១០០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៩ ក្រោមវិធីសាស្ត្រភាពជាដៃគូររវាងវិស័យសាធារណៈនិងឯកជនដែលនាំឲ្យតម្លៃថាមពលពន្លឺព្រះអាទិត្យ មានកម្រិតទាបបំផុតក្នុងតំបន់នាពលនោះ។
កាលពីដើមឆ្នាំ២០២២នេះ រដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតកម្មវិធីលទ្ធកម្មថាមពលពន្លឺព្រះអាទិត្យ ២ជីហ្គាវ៉ាត់ជាមួយនឹងថ្មផ្ទុក ដែលត្រូវបានគាំទ្រដោយ ADB ផងដែរ។ បើតាមរយៈកំណែទម្រង់គោលនយោបាយការផលិតអគ្គិសនីកកើតឡើងវិញត្រឹមឆ្នាំ២០២៧ ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់២៥% ពីកម្រិតមូលដ្ឋាន ៤,៦៧២ជីហ្គាវ៉ាត់ម៉ោងក្នុងឆ្នាំ២០២១៕