រដ្ឋាភិបាល នឹងតម្លើងប្រាក់ខែឱ្យមន្ត្រីរាជការនៅដើមឆ្នាំ២០២៣ ក្រោយខកខាន២ឆ្នាំ ដោយសារជួបវិបត្តិកូវីដ-១៩
ភ្នំពេញ៖ រដ្ឋាភិបាលនឹងតម្លើងប្រាក់បៀរវត្សឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ បន្ទាប់ពីខកខានតម្លើងប្រាក់បៀរវត្សអស់រយៈពេល២ឆ្នាំមកហើយក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជាមានការខកខានតម្លើងប្រាក់ខែ ២ឆ្នាំក៏ពិតមែន ប៉ុន្តែកន្លងទៅនេះ រដ្ឋាភិបាល បានខិតខំជួយដល់ប្រជាជន ទោះបីមិនបានតម្លើងប្រាក់ខែទាំងអស់ តែក៏បានតម្លើងសម្រាប់អ្នកចូលនិវត្តន៍មុន ព្រោះអ្នកដែលចូលនិវត្តន៍មុន ប្រាក់ខែគាត់មានត្រឹមតែ ៥០ម៉ឺនរៀល លុះពេលចូលនិវត្តន៍ប្រាក់ខែគាត់នៅសល់ត្រឹមតែ ៣០ម៉ឺនរៀល ប៉ុណ្ណោះ។ ចំណែកអ្នកចូលនិវត្តន៍ក្រោយៗប្រាក់ខែគេមានដល់ ១លានរៀល លុះពេលចូលនិវត្តន៍គេនៅសល់៨០ម៉ឺនរៀល។ ដូច្នេះ រវាងគម្លាតប្រាក់ខែដែលនៅសល់ពី ៣០ម៉ឺនរៀល ទៅ ៨០ម៉ឺនរៀលខុសត្រូវគ្នាឆ្ងាយណាស់ ទើប រដ្ឋាភិបាលខិតខំជំរុញធ្វើរឿងនេះឲ្យកាន់តែប្រសើរឡើង។ មកដល់ពេលនេះអ្នកដែលចូលនិវត្តន៍ទាបបំផុតយ៉ាងហោចណាស់ក៏ទទួលបានប្រាក់បៀរវត្សន៍ ៧៦ម៉ឺនរៀលដែរ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថ្លែងពីទីក្រុងព្រុចសែស នៃប្រទេសប៊ែលហ្សិកក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណ ២ពាន់នាក់ កាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅ ក៏បានលើកឡើងពីការជួយទ្រទ្រង់ប្រជាជនដែលស្ថិតក្នុងដំណាក់កាលដ៏លំបាក ដោយទទួលរងនៅកម្លាំងសង្កត់ពីរមកលើកម្ពុជារួមមាន ទី១. កូវីដ-១៩ មិនទាន់ចប់ និងទី២. អតិផរណាដែលផ្តើមចេញពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ទទួលទណ្ឌកម្មហួសកម្រិត បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួបប្រទះនិងការលំបាក។ ដូច្នេះ រដ្ឋាភិបាល និងបន្តអន្តរាគមន៍ជួយទៅដល់ប្រជាជន ៧០ម៉ឺនគ្រួសារដែលកំពុងទទួលរងនូវផលប៉ះពាល់នេះ និងបន្ថែមប្រហែលជា ៦០ម៉ឺនគ្រួសារទៀត ដែលទទួលផលប៉ះពាល់ពីអតិផរណានិងទឹកជំនន់៕