រដ្ឋាភិបាលឲ្យបញ្ចេញថវិកា ២០០លានដុល្លារ ធ្វើស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម
ភ្នំពេញ៖ រដ្ឋាភិបាលឲ្យបញ្ចេញថវិកា ២០០លានដុល្លារ ធ្វើស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅស្រុកល្វាឯម ដើម្បីតភ្ជាប់ពីផ្លូវល្បឿនលឿនដែលត្រូវធ្វើមួយទៀតពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីទៅដល់វៀតណាមតែម្តង។ នេះបើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងពីទីក្រុងព្រុចសែស នៃប្រទេសប៊ែលហ្សិកក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណ ២ពាន់នាក់ នៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០២២។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ស្ពានដែលគ្រោងនឹងធ្វើ រដ្ឋាភិបាលមិនចង់លឺថាជិះផ្លូវល្បឿនលឿនត្រូវតែយកលុយនោះទេ ប៉ុន្តែនៅស្រុកក្រៅផ្លូវដែលជិះសុទ្ធតែត្រូវបង់លុយ។ ដោយឡែកនៅកម្ពុជាផ្លូវដែលត្រូវបង់លុយពីមុន រដ្ឋាភិបាលបានដកយកអស់ហើយ ទុកតែផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុតែប៉ុណ្ណោះ ប្រសិនបើអ្នកណាមិនចង់ជិះផ្លូវល្បឿនលឿន ត្រូវជិះទៅតាមផ្លូវជាតិលេខ៤។ ប៉ុន្តែគេបានគិតរួចហើយ បើជិះតាមផ្លូវជាតិលេខ៤ និងជិះតាមផ្លូវល្បឿនលឿន គឺជិះតាមផ្លូវល្បឿនលឿន លឿនជាងហើយចំណាយលុយតិច និងចំណេញពេលវេលា។ចំណែកអ្នកជិះតាមផ្លូវជាតិលេខ៤ វិញ យឺតជាងហើយចំណាយលុយអស់ច្រើននិងខាតពេលវេលាក៏ច្រើនដែរ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ថែមថា រដ្ឋាភិបាល ត្រូវធ្វើផ្លូវល្បឿនលឿនមួយទៀតទៅវៀតណាម។ ពីមុនដៃគូរធ្វើគម្រោង បាននិយាយថា អ្នកដែលចង់ឆ្លងកាត់ស្ពានដែលនឹងគ្រោងធ្វើនេះត្រូវបង់លុយ ប៉ុន្តែ រដ្ឋាភិបាលមិនយល់ព្រម ព្រោះប្រជាជនត្រូវឆ្លងកាត់ព្រឹកល្ងាចអ្នកខ្លះមួយថ្ងៃឆ្លងស្ពាន៥ដង ចំណែកម៉ូតូឌុប និងកង់បី បើឆ្លងមួយថ្ងៃប្រាំដងតើគ្នាបានអីនិងចំណេញ។
ដូច្នេះហើយ ទើបរដ្ឋាភិបាលឲ្យបញ្ចេញថវិកា ធ្វើស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅស្រុកល្វាឯមតែម្តងបើមិនធ្វើបែបនេះទេ ផ្លូវល្បឿនលឿនទៅមិនកើត បើឆ្លងសាឡាងហើយទៅផ្លូវល្បឿនលឿនទៅមិនរួច។មិនអញ្ចឹងទេ ផ្លូវល្បឿនលឿនចាំបង់លុយ តែឆ្លងស្ពានអត់អស់លុយទេ។ គេបានសិក្សាគម្រោងរួចអស់ហើយ ស្ពាននេះត្រូវធ្វើផ្លូវទៅពីរមកពីរ ព្រោះស្ពានធំដែលគម្រោងនេះ នឹងជំរុញកំណើនសេដ្ឋកិច្ច មានទឹក មានផ្លូវ មានភ្លើងមានធនធានមនុស្សទើបអាចអភិវឌ្ឍប្រទេសជាតិបាន៕