CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៤ បោះទុនជិត ២២លានដុល្លារ បង្កើតរោងច្រកនៅភ្នំពេញ តាកែវ និងខេត្តកំពង់ចាម
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៤ បោះទុនប្រមាណ ២១,៩លានដុល្លារដើម្បីបង្កើតរោងចក្រនៅរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកំពង់ចាម ដែលអាចបង្កើតការងារបានជាង ៦០០០កន្លែង។
បើយោងតាម CDC នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងចាក់សម្លៀកបំពាក់ នៅខេត្តតាកែវ។ ក្នុងនោះមានក្រុមហ៊ុន Phoenix Fashion (Cambodia) Garment Co., Ltd បោះទុនវិនិយោគប្រមាណ៦,៣លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវដែលអាចបង្កើតការងារបានចំនួន ៣៣៥៨កន្លែង។
ចំណែក ក្រុមហ៊ុន AW Cashmere (Cambodia)Co., Ltd បោះទុនវិនិយោគចំនួន ៥,៣លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងអាចបង្កើតការងារបានប្រមាណ ១១១៧កន្លែង។
ចំពោះ ក្រុមហ៊ុន Supercan (Cambodia)Co., Ltd បោះទុនវិនិយោគប្រមាណ ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានចំនួន ១២៦៤កន្លែង និងក្រុមហ៊ុន XNFu Industrial Co., Ltd បោះទុនវិនិយោគចំនួន ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃនិងកន្សែងពោះគោ ដែលស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរខេត្តកំពង់ចាម និងអាចបង្កើតការងារបានប្រមាណ ៦៤១កន្លែង៕