កម្ពុជា-កូរ៉េ សម្រេចបានទំហំពាណិជ្ជកម្ម ៦៥៩លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
21/12/2022 12:28 PM

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល ១០ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េ សម្រេចបានប្រមាណ ៦៥៩លានដុល្លារ កើនឡើង៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែក កាលពីឆ្នាំ២០២០ ប្រទេសទាំង២ សម្រេចបានទំហំពាណិជ្ជកម្ម កើនឡើងដល់ប្រមាណ ៧៧២លានដុល្លារ ខណៈឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩លានដុល្លារ។

នាជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា​ ដែលចប់អាណត្តិ ឯកឧត្តម Park Heung - Kyenong កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២ ឯកឧត្តម ប៉ាន សូរស័ក្ត បានសម្តែងនូវការអរគុណចំពោះ ឯកអគ្គរដ្ឋទូតដែលបានជួយសម្របសម្រួលក្នុងការចរចាឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ កន្លងទៅនេះ។តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ទើបតែពីរសប្តាហ៍ក្នុងខែធ្នូនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥លានដុល្លារ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានប្រាប់ទៅឯកអគ្គរដ្ឋទូតបន្តទៀតថា តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជាមានការលើកទឹកចិត្តច្រើនដល់ការផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត និងបានស្នើសុំឲ្យឯកអគ្គរដ្ឋទូតជួយជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េ មកបណ្តាក់ទុនរកស៊ីលើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្តនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់នូវការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសពីសំណាក់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក្នុងនោះ រួមមានការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Park Heung- Kyenong បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការផ្លាស់ប្តូរធនធានមនុស្សនិងមានជំនឿចិត្តថាការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងបង្កើនទំនុកចិត្ត និងជំរុញនូវការវិនិយោគនិងធុរកិច្ចកូរ៉េ បន្ថែមទៀតផងដែរ។

កម្ពុជា-កូរ៉េ បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធិសំដៅពង្រឹង ពង្រីក នឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236