ធនាគារពិភពលោក ឱ្យកម្ពុជាខ្ចីលុយ ២៧៤លានដុល្លារបន្ថែម ជំរុញស្តារសេដ្ឋកិច្ចនិងបង្កើនភាពធន់
Posted by -
Phoung Somphors
Published on -
24/12/2022 10:34 AM

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) សម្រេចអនុម័តកម្ចី ២៧៤លានដុល្លារបន្ថែម ឱ្យមកកម្ពុជាសម្រាប់ប្រតិបត្តិការគោលនយោបាយកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ភាពធន់។ កម្ចីនេះនឹងជួយដល់កំណែទម្រង់សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់របស់កម្ពុជាតាមរយៈការសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែងនិងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ធនាគារពិភពលោក នៅពីថ្ងៃទី២០ ខែធ្នូនេះ បានឲ្យដឹងថា ការផ្តល់កម្ចីចំនួន ២៧៤លានដុល្លារនេះ នឹងជួយដល់ការបង្កើនភាពធន់នៃសារពើពន្ធរួមទាំងការកែលម្អ ការគ្រប់គ្រងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន រួមទាំងសម្រួលដល់ការលក់ប័ណ្ណបំណុលរបស់រដ្ឋាភិបាលសម្រាប់ទីផ្សារក្នុងស្រុកផងដែរ។ ប្រតិបត្តិការហិរញ្ញប្បទាននេះដែរ ក៏នឹងសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ចណាមួយកើតឡើងដែរ។

ធនាគារពិភពលោក បានលើកឡើងពីសេដ្ឋកិច្ចកម្ពុជា ដោយរងការខូចខាតធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក ៣,១% ក្នុងឆ្នាំ២០២០។ តាមការវិភាគទិន្នន័យ បានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន២,៨% ធ្វើឱ្យមនុស្សប្រមាណ ៤៦ម៉ឺននាក់ ធ្លាក់ក្នុងភាពក្រីក្រវិញ។ បើទោះជាសេដ្ឋកិច្ចកម្ពុជា ងើបឡើងបន្តិចវិញនៅឆ្នាំ២០២១ និង២០២២ ប៉ុន្តែ លទ្ធភាពវិលត្រឡប់មកវិញនៅមានសភាពយឺតជាងមុនផ្ទុះជំងឺរាតត្បាត និងវិបត្តិសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅតែបន្តអូសបន្លាយ ដែលធ្វើឱ្យជួបវិបត្តិសេដ្ឋកិច្ចសកល ខណៈដែលកម្ពុជា ក៏ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរដែរ។

ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារៀម សាលីម បានលើកឡើងថា យុទ្ធសាស្ត្រ«រស់ជាមួយកូវីដ-១៩» បានជួយស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះ នៃតម្រូវការក្រៅប្រទេសនិងការរអាក់រអួលនានា នៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនៅឡើយ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន ពង្រឹងស្ថានភាពសារពើពន្ធ និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236