រដ្ឋាភិបាល មិនតម្រូវឱ្យភ្ញៀវទេសចរមានប្រាក់១ពាន់ ឬ២ពាន់ដុល្លារតាមខ្លួន ទើបអាចចូលកម្ពុជាបាននោះទេ
ភ្នំពេញ៖ ក្រសួងទេសចណ៍ ឆ្លើយតបនឹងព័ត៌មានចំនួនដែលនិយាយអំពីការកំណត់លក្ខខណ្ឌឱ្យភ្ញៀវទេសចរបរទេសមានសាច់ប្រាក់តាមខ្លួនចំនួន១ពាន់ ឬ ២ពាន់ដុល្លារ ទើបអាចចូលកម្ពុជាបាន។ ក្រសួងបានចេញសេចក្តីប្រកាសនៅថ្ងៃទី២២ធ្នូនេះ ដោយអះអាងថា រដ្ឋាភិបាលមិនមានគោលនយោបាយណាមួយតម្រូវឲ្យភ្ញៀវទេសចរ ត្រូវបង្ហាញសាច់ប្រាក់បែបនេះទើបអាចចូលមកទស្សនានៅកម្ពុជានោះឡើយ។
ក្រសួងទេសចណ៍ បានឱ្យដឹងដែរផងថា ក្នុងករណីមានការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាតួនាទីសមត្ថកិច្ចរបស់មន្ត្រីជំនាញ ដែលមានសមត្ថកិច្ចនៅតាមច្រកទ្វារអន្តរជាតិជាអ្នកសួរនាំ។ ការសួរនាំនោះ ចំពោះតែករណីសង្ស័យមួយចំនួនតែប៉ុណ្ណោះ ដោយមិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយ ហើយក៏មិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះដែរ។
ការលើកឡើងយ៉ាងដូច្នេះរបស់ក្រសួងទេសចរណ៍ ទៅកាន់ប្រតិបត្តិការទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងភ្ញៀវទេសចរដោយយោងតាមកិច្ចប្រជុំរបស់គណៈកម្មាការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស “គ.អ.ច.ទ” កាលពីថ្ងៃទី២០ ខែធ្នូនេះ។
ក្រសួងលើកទឹកចិត្តឲ្យភ្ញៀវទេសចរ ឱ្យគោរពតាមលក្ខខណ្ឌតម្រូវការរបស់កម្ពុជានិងប្រកាសស្វាគមន៍ភ្ញៀវទេសចរ ចូលមកលេងកម្សាន្តនៅកម្ពុជាឲ្យបានច្រើនកុះករបន្ថែមទៀត៕