ពន្ធដារ នឹងចុះត្រួតពិនិត្យយានយន្តដែលមិនបានបង់ពន្ធផ្លូវ​ចាប់ពីដើមឆ្នាំ២០២៣តទៅ
Posted by -
Phoung Somphors
Published on -
24/12/2022 10:34 AM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ នៅតាមកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣តទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅ។

ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ នេះអនុលោមតាមប្រកាសចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ និងចំណារឯកភាពចុះថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០ លើលិខិតចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានក្រុមការងារចម្រុះរាជធានី-ខេត្តដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ។

អគ្គនាយកដ្ឋានពន្ធដារ ជឿជាក់ថាម្ចាស់យានយន្តទាំងអស់ នឹងគោរពតាមកាតព្វកិច្ចសារពើពន្ធនិងរួសរាន់ទៅប្រកាសបង់ពន្ធគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខកខានពេលវេលានិងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។

ក្នុងករណី ម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២កន្លងមក ត្រូវរួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគាររួមមាន៖ កាណាឌីយ៉ាក.អ, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ, ធនាគារ ជេ ត្រាស់រ៉ូយ៉ាល់, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជាក.អ, ធនាគារវឌ្ឍនៈ អាស៊ីចំកាត់និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬអាចបង់តាមរយៈកម្មវិធី “GDTTaxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236