កម្ពុជា ទទួលបានហិរញ្ញប្បទានជាង ៣៨៣លានដុល្លារពី ADB និង AFD សម្រាប់អនុវវត្តគម្រោងចំនួន៦
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់អនុវវត្តគម្រោង/កម្មវិធីចំនួន៦ ដែលមានទឹកប្រាក់ប្រមាណ ៣៨១,៤៥លានដុល្លារ និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុល្លារ សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពេល។
គម្រោង/កម្មវិធីទាំង៦ ដែលត្រូវអនុវត្តនោះ រួមមាន៖ ទី១. កម្មវិធីអភិវឌ្ឍន៍វិស័យថាមពេល-អនុកម្មវិធីទី១, ទី២. គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព, ទី៣. គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែននិងជំរុញខ្សែច្រវាក់តម្លៃសត្វ, ទី៤. គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ, ទី៥. កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង-អនុកម្មវិធីទី១ និងទី៦. គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យម។
ពិធីចុះកិច្ចព្រមព្រៀងខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានរបស់ឯកឧត្តម អូន ព័ទ្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកជំទាវ Jyotsana Vama នាយកស្ថានតំណាងរបស់ ADB ប្រចាំកម្ពុជា និងលោកជំទាវ Sandrine Boucher នាយកស្ថានតំណាងរបស់ AFD ប្រចាំនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឯកឧត្តម អូន ព័ទ្ធមុនីរ័ត្ន ក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ ៤,៧៧ ប៊ីលានដុល្លារ ដែលក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណ ៤,២០ ប៊ីលានដុល្លារ សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ១៣០ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបប្រមាណ ៥៦៨,៤៥លានដុល្លារ សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៦៩។
ការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន៦ របស់ ADB និង AFD បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា និងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ហើយក៏អាចក្លាយជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតរបស់រដ្ឋាភិបាលកម្ពុជាផងដែរ៕