រដ្ឋាភិបាល ខ្ចីលុយចិន៦៧លានដុល្លារ ធ្វើផ្លូវជាតិលេខ៤១​ កាត់ខេត្ត៤ ឆ្ពោះទៅតំបន់ពាណិជ្ជកម្មធំៗ
Posted by -
Phoung Somphors
Published on -
26/12/2022 11:56 AM

ភ្នំពេញ៖ នាពិធីបើកការដ្ឋានសាងសង់និងលើកកម្រិតផ្លូវជាតិលេខ៤១ ដែលមានប្រវែងសុរប ៩៥,២៧គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ ឯកឧត្តម ស៊ុន ចាល់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ថវិកាដែលយកមកសាងសង់នេះ គឺជាឥណទានសម្បទានពិរដ្ឋាភិបាលចិនប្រមាណ ៦៧លានដុល្លារ រួមជាមួយប្រាក់បដិភាពរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាករផ្សេងៗ។ សម្រាប់ការសាងសង់និងពិនិត្យបច្ចេកទេស គឺធ្វើឡើងដោយក្រុមហ៊ុនចិនចំនួន២ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦។

ផ្លូវជាតិលេខ៤១ ដែលបើកការដ្ឋានសាងសង់នេះ គឺចាប់ពីថ្នល់ទទឹង​ ខេត្តកណ្តាល រហូតដល់ស្រុកជុំគិរី ខេត្តកំពត ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល កំពង់ស្ពឺ តតាកែវ និងខេត្តកំពត។ ឯកឧត្តមរដ្ឋមន្ត្រីសាធារណការ បានលើកឡើងថា ផ្លូវជាតិលេខ៤១នេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលឆ្លងកាត់ខេត្តចំនួន៤ ក៏ដូចជាតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបនឹងសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ លេខ៤លេខ៣១ និងលេខ៣៣។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំលេចពីទិសដៅការងារបន្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ ដែលបាននិងកំពុងសិក្សា និងគម្រោងមួយចំនួនត្រៀមនឹងបើកការដ្ឋានសាងសង់បន្តទៀតស្មារតីក្នុងបុព្វហេតុជាតិ និងប្រជាជនឱ្យទទួលបានការអភិវឌ្ឍរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល អំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលចិន តាមរយៈឯកឧត្តម វ៉ាង ធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលផ្តល់ឥណទានសម្បទាន ក្នុងការសាងសង់ផ្លូវជាតិលេខ៤១នេះ ព្រមទាំងជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ទៀត សម្រាប់ការសាងសង់ស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236