CDC អនុម័តឲ្យក្រុមហ៊ុន៤ បោះទុនជាង១៦លានដុល្លារ បង្កើតរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស
ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៤ បោះទុនវិនិយោគប្រមាណ ១៦,៣លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលអាចបង្កើតការងារបានប្រមាណ ៧៤០កន្លែង។
បើតាម CDC នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣ បង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។ មានក្រុមហ៊ុន Quan Ming Shun (Cambodia) New Materials Co., Ltd បោះទុនប្រមាណ ៦,៦លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលអាចបង្កើតការងារបានចំនួន៣០០នាក់។
ចំណែក ក្រុមហ៊ុន Chuangju Plastics (Cambodia) Co, Ltd បោះទុនចំនួន ៦,១លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិកដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានប្រមាណ ៣០០នាក់។ រីឯ ក្រុមហ៊ុន TB Packaging (Cambodia) Co., Ltd បោះទុនប្រមាណ ២លានដុល្លារគម្រោងបង្កើតរោងចក្រផលិតផលធ្វើពីក្រដាសដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែលអាចបង្កើតការងារបានចំនួន ៨០នាក់។
ចំពោះ ក្រុមហ៊ុន VP Printing And Packaging Co., Ltd បោះទុនចំនួន ១,៦លានដុល្លារគម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលវិចខ្ចប់ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ, រាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ៦០នាក់៕