កម្ពុជា ខ្ចីលុយចិនជាង១២១លានដុល្លារ ធ្វើផ្លូវជាតិលេខ៣១ និង៣៣ ដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចនៃភាគនិរតី
ភ្នំពេញ៖ នាពិធីបើកការដ្ឋានសាងសង់និងលើកកម្រិតផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ដែលមានប្រវែងសរុប ១០៦,១គីឡូម៉ែត្រ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថវិកាដែលយកមកសាងសង់នេះ គឺជាឥណទានសម្បទានពីរដ្ឋាភិបាលចិនជាង ១២១លានដុល្លារ រួមជាមួយប្រាក់បដិភាពរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាការផ្សេងៗ។ សម្រាប់ការសាងសង់និងពិនិត្យបច្ចេកទេស គឺធ្វើឡើងដោយក្រុមហ៊ុនចំនួន២ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦។
ផ្លូវជាតិទាំងពីរខ្សែដែលត្រូវបើកការដ្ឋានសាងសង់នេះ គឺផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ស្រុកកំពង់ត្រាច(ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ដោយឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំណែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧គីឡូម៉ែត្រ គិតចាប់ពីក្រុងកំពត រហូតដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)ដោយឆ្លងកាត់ខេត្តកំពត និងខេត្តកែប។
ឯកឧត្តម ស៊ុន ចាន់ថុល នៅក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២២ បានលើកឡើងថា ក្រោយបញ្ចប់ការសាងសង់ ផ្លូវជាតិទាំងពីរខ្សែនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារតាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទដែលនឹងប្រែក្លាយតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគនិងទាក់ទាញភ្ញៀវទេសចរ ព្រមទាំងជាខ្សែផ្លូវតភ្ជាប់គ្នាដ៏មានសក្តានុពលដែលស្ថិតក្នុងតំបន់ប៉ូលសេដ្ឋកិច្ចនៃខេត្តភាគនិរតីថែមទៀតផង។
ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានរំលេចពីទិសដៅការងារបន្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ ដែលបាននិងកំពុងសិក្សា និងគម្រោងសំខាន់ៗមួយចំនួន ដែលត្រៀមបើកការដ្ឋានសាងសង់បន្តទៀត។