ជិត៣០ឆ្នាំដែលអូស្រា្តលី ផ្តល់ជំនួយកម្ចាត់មីននៅកម្ពុជា ខណៈរដ្ឋាភិបាលស្នើសុំបន្ថែមដើម្បីកម្ចាត់ឲ្យអស់ត្រឹមឆ្នាំ២០២៥
ភ្នំពេញ៖ អនុប្រធានទី១ នៃអាជ្ញាធរមីន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៤មក អូស្ត្រាលី បានផ្តល់ជំនួយជាង១០០លានដុល្លារ ដើម្បីចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា។ ក្នុងនោះរំដោះបាននូវផ្ទៃដីប្រមាណ ២៥០គីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់សុខសន្តិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅតាមមូលដ្ឋានប្រមាណជាង ១លាននាក់។
នាជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី មុននឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជានៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន ប្រាប់ទៅឯកអគ្គរដ្ឋទូត ពីរបត់ការងារបោសសម្អាតមីនក្នុងឆ្នាំ២០២២ ថា មានវិស័យឯកជន និងសប្បុរជនជាច្រើនបានចូលរួមវិភាគទានជាមួយចលនាជាតិរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាមីននៅកម្ពុជា។ ការចូលរួមតាមរយៈគម្រោងរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពមីន«ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម» ដែលអាជ្ញាធរមីន បានយកវិភាគទានទាំងនោះទៅធ្វើការបោសសម្អាតលើផ្ទៃដី ដែលមានមីនបានជាង ៩១គីឡូម៉ែត្រក្រឡា។
ជាមួយគ្នានេះ អនុប្រធានទី១ នៃអាជ្ញាធរមីន ឯកឧត្តមលី ធុជ បានថ្លែងអំណរគុណប្រជាជននិងរដ្ឋាភិបាលអូស្ត្រាលីដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នាពេលកន្លងមក ខណៈដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីបន្តបន្ថែមជំនួយដល់កម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីននៅឆ្នាំ២០២៥ ខាងមុខនិងជួយដោះស្រាយហានិភ័យពីសំណល់ជាតិផ្ទុះពីសង្គ្រាមក្រោយឆ្នាំ២០២៥៕