«គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម» បន្តឱ្យកម្ចីទាល់តែប្រើប្រាស់អស់ ខណៈនៅសល់ជាង១០០លានដុល្លារទៀត
ភ្នំពេញ៖ «គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម» ដែលមានទំហំទឹកប្រាក់២០០លានដុល្លារ ត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេចឱ្យសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បន្តដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ រហូតដល់គម្រោងត្រូវបានប្រើប្រាស់អស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCCនៅថ្ងៃទី០៤ មករា។
គម្រោងឥណទានស្តារអាជីវកម្មនេះ បានដាក់ឱ្យដំណើរការដំបូងនៅខែមីនាឆ្នាំ២០២១ ដល់ចុងឆ្នាំ២០២២ ក្នុងទំហំកម្ចីប្រមាណ ៨៩លានដុល្លារ ដែលដែលភាគច្រើនជាកម្ចីដែលខ្វះទ្រព្យធានា ប៉ុន្តែត្រូវបានធានាដោយ CGCC ក្រោមគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម។ ទឹកប្រាក់ដែលនៅសល់ប្រមាណ ១១១លានដុល្លារទៀត បន្តឱ្យកម្ចីចាប់ពីដើមឆ្នាំ២០២៣នេះ រហូតដល់គម្រោងនេះ ត្រូវបានប្រើប្រាស់អស់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCC នៅថ្ងៃទី០៤ ខែមករានេះ គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ជាគម្រោងធានាឥណទានដែលមានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូសហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល, ការវិនិយោគនិងការពង្រីកអាជីវកម្ម។
ការសម្រេចឲ្យបន្តដាក់ណើរការគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មនេះ ត្រូវបានកែសម្រួលលក្ខខណ្ឌមួយចំនួនឲ្យមានភាពប្រសើរឡើងដូចជា សុពលភាពនៃគម្រោងការកំណត់និយមន័យនៃអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យមនិងសហគ្រាសខ្នាតធំ និងការកំណត់ទំហំជាអតិបរមាសម្រាប់កម្ចីនីមួយៗ។
គួរបញ្ជាក់ថា ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មនឹងបន្តដើរតួជាទ្រព្យធានាចាប់ពី ៧០% ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ (PFIs)នឹងជួយកាត់បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចី។សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័ររបស់ CGCC www.cgcc.com.kh ៕