CDC អនុម័តឲ្យក្រុមហ៊ុន ៣ បោះទុន ១៦លានដុល្លារ បង្កើតរោងចក្រនិងការងារ ៤៥០០កន្លែង
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ៣ បោះទុនប្រមាណ ១៦លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានប្រមាណ ៤៥៨៥កន្លែង។
បើតាម CDC កាលពីថ្ងៃទី០៥ខែមករា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ នៅខេត្តកំពង់ស្ពឺដូចគ្នា។ មានក្រុមហ៊ុន Windara International Co., Ltd បោះទុនចំនួន ៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ២,៧១៤កន្លែង។
ចំណែក ក្រុមហ៊ុន Yue Wing Cheong Manufactory Co., Ltd បោះទុនប្រមាណ ៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានប្រមាណ ៧៣៨កន្លែង។ រីឯ ក្រុមហ៊ុនXin Shun Jie (Cambodia) Leather Co., Ltd បោះទុនចំនួន ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទនិងកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសីខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ១,១៣៣កន្លែង៕