គម្រោងពង្រីកផ្លូវជាតិលេខ៧ ចំណាយជាង​ ១១៧លានដុល្លារជាសរសៃឈាមនិងឆ្អឹងខ្នងសេដ្ឋកិច្ចដ៏មានសក្តានុពល
Posted by -
Phoung Somphors
Published on -
9/1/2023 4:08 PM

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានចាត់ទុកការពង្រីកកំណាត់ផ្លូវជាតិលេខ៧ ឆ្លើយតបនឹងទំហំកំណើនចារាចរណ៍ និងកំណើននៃការដឹកជញ្ជូនដែលមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការសាងសង់កំណត់ផ្លូវនេះទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលចិនជាង ១១៧លានដុល្លាររួមជាមួយប្រាក់បដិភាគរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាករផ្សេងៗ។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងនៅក្នុងពិធីប្រកាសបើកការដ្ឋានគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី០៩ កមរានេះ ថា ផ្លូវជាតិលេខ៧ ដែលត្រូវបើកការដ្ឋានសាងសង់នេះមានប្រវែងសរុប ៤៥,៤៨គីឡូម៉ែត្រចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ចាម។ ផ្លូវជាតិលេខ៧នេះ គឺជាខ្សែផ្លូវយ៉ាងសំខាន់និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលដែលតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត។

លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំនិងផ្លូវជាតិលេខ៧៦ និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន រួមមាន៖ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរីផងដែរ។ មួយវិញទៀត កំណាត់ផ្លូវជាតិនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ (AH11) ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ(GMS) ផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បន្ថែមថាកំណាត់ផ្លូវជាតិលេខ៧នេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១១ (AH11) ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជានិងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់ប្រទេសនៃមហាអនុតំបន់មេគង្គផងដែរ។ កំណាត់ផ្លូវនេះ ការសាងសង់និងពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនរបស់ចិនចំនួន២ ផ្សេងគ្នាដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236