កម្ពុជា-តួកគីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១៣៦លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២២ កើនជាង ៦៣%
Posted by -
Phoung Somphors
Published on -
10/1/2023 12:56 PM

ភ្នំពេញ៖ រយៈពេល ១១ខែ នៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងតួកគី សម្រេចបានប្រមាណ ១៣៦,១៤៩លានដុល្លារ កើនឡើង ៦៣,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ដោយឡែក ទំហំពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា-តួកគី ក្នុងរយៈពេល៥ឆ្នាំ (២០១៧-២០២១) សម្រេចបានប្រមាណ ៤៦២,៦៣លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើកំណត់ហេតុរួម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង បានឲ្យដឹងថា មុខទំនិញដែលកម្ពុជានាំចេញទៅតួកគីរួមមាន៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរអង្ករ…។ ចំណែកការនាំចូលមុខទំនិញពីតួកគី មកកម្ពុជាវិញរួមមាន៖ ម៉ាស៊ីន កប្បាសផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។

ចំពោះកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើកំណត់ហេតុរួម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំដដែរ លោកជំទាវបានស្នើដល់តំណាងអន្តរក្រសួងទាំង ១៤ស្ថាប័ន ឲ្យចូលរួមពិភាក្សានិងផ្តល់ធាតុចូលលើសេចក្តីព្រាងកំណត់ហេតុរួមនាពេលខាងមុខឲ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប ក្នុងអង្គប្រជុំទាំងមូលបានពិភាក្សានិងផ្លាស់ប្តូររយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលគ្របដណ្តប់លើវិស័យអាទិភាពមួយចំនួនដូចជា៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ចឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន  អាកាសចរស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀតក្នុងន័យជំរុញនិងទាញប្រយោជន៍ឲ្យបានជាអតិបរិមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគីស្របតាមគោលនយោបាយស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ឡើងវិញបន្ទាប់ពីទទួលរងនូវវិបត្តិសកលកូវីដ-១៩៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236