ឆ្នាំ២០២២ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបាន៦៧ម៉ឺនតោន ប្រមាណ១,០៧៧លានដុល្លារ ថយចុះ ៣៤%
Posted by -
Phoung Somphors
Published on -
10/1/2023 1:05 PM

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តរជាតិចំនួន ៦៧០ ០០០ តោន គិតជាទឹកប្រាក់ប្រមាណ១,០៧៧លានដុល្លារ ថយចុះ ៣៤,៦៥% (ថយប្រមាណ ៣៥០ ០០០តោន) បើធៀបនឹងឆ្នាំ២០២១។ ចំណែក ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមមានចំនួន៦៦០ ០០០ តោន ថយចុះ ៣៧%។

បើតាមរបាយកការណ៍ប្រចាំឆ្នាំ២០២២​ របស់សមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាបើទោះជាគ្រាប់ស្វាយចន្ទីសើមធ្លាក់ថ្លៃក៏ដោយ ក៏សមាជិកសមាគមស្វាយចន្ទីកម្ពុជា(ស.ស.ក) មិនសូវជាមានបញ្ហាខាតបង់ប៉ុន្មានទេ ដោយសារ ស.ស.កបានចុះជួយសមាជិកសមាគមស្វាយចន្ទីកម្ពុជាដល់ចម្ការ ដើម្បីផ្តល់ជាមតិនិងវិធានការមួយចំនួនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

របាយការណ៍ប្រចាំឆ្នាំ២០២២ ដដែរ បានឲ្យដឹងទៀតថា​ ស.ស.ក បានទាក់ទាញក្រុមហ៊ុនមួយចំនួនដើម្បីទិញគ្រាប់ស្វាយចន្ទីស្ងួតដែរព្រោះសមាជិកចេះរួបរួមគ្នា បើទោះជាក្រុមហ៊ុនទាល់តែមាន ៤០តោនឡើងទើបចុះទៅពិនិត្យគ្រាប់និងដឹកជញ្ជូនក៏ដោយ ហើយសម្រាប់គ្រាប់ស្វាយចន្ទីស្ងួតនាពេលឥឡូវនេះមានតម្លៃចន្លោះពី ៤២០០រៀល ទៅ ៧២០០រៀល ក្នុងមួយគីឡូក្រាម។

ចំពោះកសិករមិនមែនជាសមាជិកសមាគមគ្រាប់ស្វាយចន្ទីកម្ពុជាគឺមានផលវិបាកដោយសារកសិកររស់នៅឆ្ងាយពីគ្នា ទើបពិបាកដល់ក្រុមហ៊ុនចុះទៅប្រមូលទិញដូច្នេះហើយជាឱកាសរបស់ឈ្មួញកណ្តាលក្នុងការប្រមូលទិញបន្តគ្នាជាច្រើនដំណាក់កាលទម្រាំតែមកដល់រោងចក្រ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236