កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករសរុបបានជាង ១,២៥៥លានដុល្លារ ក្នុងឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
20/1/2023 5:07 PM

ភ្នំពេញ៖ ក្នុងរយៈពេល ១២ខែនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន៦៣៧,០០៤តោន និងនាំចេញស្រូវចំនួន ៣,៣៦៧,៨៨៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានសរុបបានប្រមាណជាង ១,២៥៥លានដុល្លារ។ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជា តាមរយៈការនាំចេញអង្ករចំនួន៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស។ ក្នុងនោះប្រទសចិនរួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨,៨៣០ តោន ស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៥ បានបរិមាណសរុបចំនួន ២២១,៥០៤ តោន ស្មើនឹង ៣៥%។ ប្រទេសសមាជិកអាស៊ានចំនួន ៤ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិកអាមេរិក អូស្ត្រាលី រុស្ស៊ី អ៊ុយក្រែន ចំនួន ២៧ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន៦១,៩៣៧ តោន ស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤ តោន ដែលមានតម្លៃសរុបប្រមាណ៤១៤,២៩លានដុល្លារ។

ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញអង្ករក្រអូបប្រណិតទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ២៧៧,៧៣៩ តោន ស្មើនឹង៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩,០៧០ តោន ស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣,៤២៨ តោនស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០,៩៦៣តោន ស្មើនឹងជិត ២% និងអង្ករដំណើបចំនួន ២៣តោន។

ដោយឡែកសម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសរៀតណាមមានចំនួន ៣,៤៧៧,៨៨៦ តោនបើគិតជាទឹកប្រាក់ប្រមាណជាង ៨៤១,០៩ លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236