កម្ពុជា-តួកគី មានសក្តានុពលជំរុញពាណិជ្ជកម្មឱ្យកើនដល់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ
Posted by -
Phoung Somphors
Published on -
12/1/2023 2:22 PM

ភ្នំពេញ៖ កម្ពុជានិងតួកគី មានសក្តានុពលជាច្រើនដែលអាចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកើនឡើងដល់ ១,០០០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាហ៊ីត គីរីស៊ី រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព ឯកឧត្តម វ៉ាហ៊ីត បានឲ្យដឹងថា សក្តានុពលដែលភាគីទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាបានមានដូចជា៖ វិស័យកសិកម្ម ការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ វិស័យវារីវប្បកម្មវិស័យគ្រឿងយន្តកសិកម្ម វិស័យសំណង់ វិស័យ IT វិស័យកែច្នៃម្ហូបអាហារនិងអាហារហាឡាល់ វិស័យអប់រំការផ្តល់អាហារូបករណ៍ឲ្យនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសតួកគី ការហោះហើរត្រង់ពីប្រទេសតួកគី មកកាន់កម្ពុជា និងវិស័យដទៃទៀត។

ក្នុងជំនាបនេះ សម្តេច ហ៊ុន សែនបានលើកទឹកចិត្តឱ្យអ្នកវិនិយោគនៅតួកគី មកវិនិយោគនៅកម្ពុជាតាមរយៈការដាក់ម៉ាស៊ីនសម្រាប់កែច្នៃ សង់ឃ្លាំងស្តុកនិងរៀបចំបណ្តាញទិញផលិតផលកសិកម្មពីកសិករកម្ពុជា យកមកកែច្នៃហើយនាំចេញទៅទីផ្សារប្រទេសតួកគី និងទីផ្សារដទៃទៀត។ កម្ពុជា សម្បូរដោយវត្ថុធាតុដើម រួមមានស្វាយចន្ទី ដំឡូង កៅស៊ូ ស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញបាន។

លើសពីនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ របស់តួកគឺ ពិចារណារៀបចំធ្វើឲ្យមាននូវកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដើម្បីជាការសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលជាសក្តានុពល ដែលប្រទេសទាំងពីរអាចធ្វើរួមគ្នាបានផងដែរ។

បើតាមការឱ្យដឹងរបស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងតួកគី សម្រេចបានប្រមាណ ១៣៦,១៤៩លានដុល្លារ កើនឡើង ៦៣,៦%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ដោយឡែកទំហំពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា-តួកគី ក្នុងរយៈពេល៥ឆ្នាំ (២០១៧-២០២១)សម្រេចបានប្រមាណ ៤៦២,៦៣លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236