ធនាគារជាតិ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ត្រូវបានរំពឹងថាសម្រេចបានកំណើនក្នុងរង្វង់ ៦%
Posted by -
Phoung Somphors
Published on -
13/1/2023 12:14 PM

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា​ កំណើននឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅក្នុងឆ្នាំ២០២៣ បើទោះជាមានបញ្ហាកើតឡើងពីខាងក្រៅខ្ពស់ក៏ដោយ។ នេះបើយោងតាមវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជាដែលចុះផ្សាលកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ ការរំពឹងទុកពីកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣ ក្នុងរង្វង់ ៦% នេះ គឺពឹងផ្អែកលើកវិស័យមួយចំនួន ដូចជា វិស័យកាត់ដេររំពឹងថា កើន ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែនកាត់ដេររំពឹងថា កើន ១៤,៣%។ ចំណែក វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានកំណើន ១៨,៥% ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើនការតភ្ជាប់ជើងហោះហើរមកកម្ពុជាជាលំដាប់ និងការកើនឡើងទេសចរចិនក្រោយមានការបន្ធូរបន្ថយការរឹតបន្តឹងលើកការធ្វើដំណើរដើម្បីការពារការរាលដាលជំងឺកូវីដ-១០ របស់រដ្ឋាភិបាលចិន។

រីឯ វិស័យកសិកម្មត្រូវបានព្យាករណ៍ថា នឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទ្រដល់ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។ ចំពោះ វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងជាសន្សឹមៗក្នុងអត្រា ១,៧% និង ១,២% ដែលគាំទ្រដល់កំណើនតម្រូវការក្នុងស្រុក ផ្តោតលើទីផ្សារអចលនទ្រព្យលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណិតដែលបម្រើដល់តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិវិញ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236