ក្រុមហ៊ុន ហ្គោលដេន ទ្រី បោះផ្សាយលក់មូលបត្របណ្ណបៃតងក្នុងទំហំជាង ៦ពាន់លានរៀល
ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោលដេន ទ្រី (Golden Tree Co., LTD) ទទួលបានសិទ្ធិបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈជាប្រភេទសញ្ញាបណ្ណបៃតងដំបូងនៅកម្ពុជា ដែលអនុញ្ញាតដោយនិយតក្រមូលបត្រកម្ពុជា (ន.ម.ក.) ។ ក្រុមហ៊ុន នឹងបោះផ្សាយលក់មូលបត្របំណុលក្នុងទំហំជាង ៦ពាន់លានរៀល (៦,០៧២,១០០,០០០រៀល) ក្នុងតម្លៃ ១០ម៉ឺនរៀល ក្នុងមួយឯកតាមូលបត្របំណុលដែលមានអត្រាគូប៉ុង ៧ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងការទូទាត់គូប៉ុងប្រចាំឆមាសនិងមានឥណទានប្រតិទាន ៥ឆ្នាំ (២០២២-២០២៧)។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា ក្រុមហ៊ុន ហ្គោលដេន ទ្រី បានទទួលជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការរៀបចំការបោះផ្សាយសញ្ញាបណ្ណបៃតងនេះ ឱ្យស្របតាមស្តង់ដារសញ្ញាបណ្ណបៃតងអាស៊ានដែលគោលការណ៍នេះ ក្រុមហ៊ុនត្រូវបន្តនីតិវិធីបន្ទាប់ពីការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជារួចដើម្បីទទួលបាន Label ជាសញ្ញាបណ្ណបៃតងអាស៊ាន។
តាមរយៈការធ្វើបរិវិសកម្ម (ឬការចុះឈ្មោះទិញ) សញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី គឺទទួលបានជំនួយពីសហក្រុមហ៊ុនធានាទិញចំនួន២ គឺក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធីម.ក។ ជាលទ្ធផល ក្រុមហ៊ុន បានទទួលការបញ្ជាទិញពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុកលើចំនួនមូលបត្រទាំងអស់ ដែលបានបោះផ្សាយលក់ក្នុងដំណាក់កាលទី១ ដោយជោគជ័យ។ ក្នុងនោះក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ម.ក បានសម្របសម្រួលលើការធ្វើបរិវិសកម្មសញ្ញាបណ្ណបៃតងទី១ នេះ ភាគច្រើនបំផុតនៃចំនួនសរុប។ នីតិវិធីបន្ត ក្រុមហ៊ុន ហ្គោលដេន ទ្រី ត្រូវបន្តការចុះបញ្ជីលក់សញ្ញាបណ្ណបៃតងនេះនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយមានជំនួយពីក្រុមហ៊ុនធានាទិញ៕