គោលនយោបាយជាតិ«ស្វាយចន្ទីឆ្នាំ២០២២-២០២៧» ត្រូវបានរដ្ឋាភិបាលអនុម័ត ដើម្បីជំរុញទីផ្សារនាំចេញ
ភ្នំពេញ៖ រដ្ឋាភិបាល បានអនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី«ស្វាយចន្ទីឆ្នាំ២០២២-២០២៧» នាកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។ គោលនយោបាយនេះរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធ តាំងពីឆ្នាំ២០២៩មកម្ល៉េះ។ គោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺស្របទៅនឹងគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗសំដៅធានាឲ្យបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
គោលនយោបាយជាតិស្តីពីស្វាយចន្ទី បានរៀបចំឡើងតាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំដុះកែច្នៃ អ្នកនាំចេញ សិក្ខាសាលាពិគ្រោះយោបល់ និងការផ្តល់ធាតុចូលពីបណ្តាក្រសួង-ស្ថាប័នដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ លើគ្រប់សកម្មភាពក្នុងខ្សែច្រវ៉ាក់តម្លៃ និងបានរំលេចពីភារកិច្ច ជាមួយនឹងទំនួលខុសត្រូវ សំដៅធ្វើយ៉ាងណាឲ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។
គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មកែច្នៃ និងទីផ្សារស្វាយចន្ទី ឲ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ជាមួយគ្នានេះ គោលនយោបាយជាតិស្តីពីស្វាយចន្ទី និងដើរតួជាផែនទីបង្ហាញផ្លូវ សម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មស្វាយចន្ទីលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នន័យ និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃការនាំចេញ និងការបង្កើនតម្លៃបន្ថែមដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃសំដៅជួយគាំទ្រដល់តួអង្គ ដែលមានស្រាប់ និងទាក់ទាញវិនិយោគបន្ថែម រកទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មី ដែលនិងបង្កើតឱកាសការងារជូនពលរដ្ឋ កាត់បន្ថយភាពក្រីក្រចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ច។
ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងគោលនយោបាយជាតិស្តីពីស្វាយចន្ទី រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅចម្បងចំនួន៣៖ ទី១. លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយភាពប្រកួតប្រជែង។ ទី២. ជំរុញការធ្វើឧស្សាហកម្មហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផលនិងការកែច្នៃអនុផលស្វាយចន្ទីឲ្យសម្រេចបាន ២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០% នៅឆ្នាំ២០៣២ និងទី៣ ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ៕