សម្តេច ហ៊ុន សែន ស្នើឲ្យវិនិយោគិនកូរ៉េ ជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងបច្ចេកវិទ្យាជាន់ខ្ពស់នៅកម្ពុជា
Posted by -
Phoung Somphors
Published on -
20/1/2023 5:07 PM

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ស្នើសុំឲ្យវិនិយោគិនកូរ៉េជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មជាន់ខ្ពស់នៅកម្ពុជា។ ការស្នើសុំនេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អូ មីយុង អតីតនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ ជួបពិភាក្សាការងារជាមួយនឹងសម្តេច កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព ខណៈដែលឧត្តមបណ្ឌិត អូ មីយុង សង្កេតឃើញពីអ្វីដែលកម្ពុជាខ្វះខាតនោះ ហើយមានភាពអនុគ្រោះច្រើនសម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ។

បើតាមការឱ្យរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯកឧត្តមបណ្ឌិត អូ មីយុង បានសង្កេតឃើញកម្ពុជា មានភាពអនុគ្រោះច្រើនសម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ នោះគឺកម្ពុជានិងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កម្ពុជាមានសុខសន្តិភាពស្ថិរភានយោបាយ និងកម្ពុជា មិនមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ។ អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់អំពីស្ថានភាពវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យអតីតនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ ឯកឧត្តមបណ្ឌិត អូ មីយុង និងប្រតិភូជួយធ្វើការផ្សព្វផ្សាយ ដោយសូមឱ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម លើកត្តាអំណោយផលរបស់កម្ពុជា និងតាមរយៈកិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េ។ ក្នុងនោះ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ, កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារសម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។

បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បានស្នើសុំឯកឧត្តមនិងប្រតិភូទាំងមូល ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជា ខណៈដែល កម្ពុជាក៏មានវត្ថុធាតុដើមដូចជា៖ ស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូងនិងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236