ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍ពាណិជ្ជកម្ម នៅប្រទេសឥណ្ឌា
ភ្នំពេញ៖ សមាគមផលិតគ្រឿងអេឡិចត្រូនិករបស់ឥណ្ឌា នឹងរៀបចំព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្ម The ELECRAMA EXHIBITIO 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង Noida រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា អមជាមួយនឹងជំនួបពាណិជញ្ជកម្មរវាងអ្នកលក់ និងអ្នកទិញ លើកទី៦ ផងដែរ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ពិព័រណ៍ពាណិជ្ជកម្មនេះ ផ្តោតលើសម្ភារពាក់ព័ន្ធនឹងវិស័យថាមពលនិងអគ្គិសនី ដោយគណៈកម្មាការរៀបចំពិព័រណ៍នឹងផ្តល់ការចំណាយលើសំបុត្រយន្តហោះទៅមកកម្ពុជា-ឥណ្ឌា កន្លែងស្នាក់នៅ (៣យប់ ៤ថ្ងៃ) ការហូបចុក និងការធ្វើដំណើរក្នុងស្រុកសម្រាប់ភ្ញៀវជាអ្នកទិញ ដែលមានបំណងជួបចរចាចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជកម្មឥណ្ឌា។ ចំណែក ភ្ញៀវដែលមិនមែនជាអ្នកទិញ តែមានបំណងចូលទស្សនាពិព័រណ៍ត្រូវរ៉ាប់រងការចំណាយដោយខ្លួនឯងទាំងស្រុង។
បណ្តាសហគ្រិន និងសាធារណៈជនទូទៅ ដែលមានបំណងចង់ចូលរួមពិព័រណ៍ខាងលើ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនឥណ្ឌា សូមទាក់ទងមកកាន់នាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ីភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅមន្ត្រីសម្របសម្រួលតាមរយៈ លេខទូរស័ព្ទ៖ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល sanphirum1977@gmail.com ៕