គយ ប្រមូលពន្ធបានជិត ២,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើន ១៨% ធៀបនឹងឆ្នាំ២០២១
ភ្នំពេញ៖ រយៈពេលពេញមួយឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ១០,៩៩៨,៩ ប៊ីលានរៀល (ស្មើនឹង ២៦៩០,៥លានដុល្លារ) កើនឡើងប្រមាណ ១៨,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមការបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
បើគិតតាមប្រភេទពន្ធនិងអាករ ដែលប្រមូលបាន ឃើញថាអាករលើតម្លៃបន្ថែមមានចំនួន ៤ ១៦៩,៨ ប៊ីលានរៀល (ស្មើនឹង ១៩%នៃចំណូលសរុប) អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមានចំនួន ៣៦៧,២ប៊ីលានរៀល (ស្មើនឹង ៣,៣% នៃចំណូលសរុប)អាករនាំចេញនិងកម្រៃផ្សេងៗ មានចំនួន ២២៣,៤ ប៊ីលានរៀល (ស្មើនឹង២,១% នៃចំណូលសរុប)។ ចំណែក ចំណូលតាមក្រុមទំនិញ ឃើញថាយានយន្តនិងគ្រឿងចក្រមានចំនួន ៥០៧៨,៧ ប៊ីលានរៀល (ស្មើនឹង ៤៦,២% នៃចំណូលសរុប) ទំនិញចម្រុះមានចំនួន ៣ ៣០២,៦ប៊ីលានរៀល (ស្មើនឹង ២៧,៦% នៃចំណូលសរុប) ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ស្មើនឹង ២០,៣%នៃចំណូលសរុប) សម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៦៤៩,៥ប៊ីលានរៀល (ស្មើនឹង ៥,៩% នៃចំណូលសរុប)។
ចំពោះ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០,៤ លានដុល្លារ កើនឡើង ១១,៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗ មានដូចជា យានយន្តនិងគ្រឿងចក្រ ផលិតផលតេលសិលាវត្ថុធាតុដើម គ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ គ្រឿងសំណង់ គ្រឿងឧបភោគ-បរិភោគនិងទំនិញចម្រុះផ្សេងទៀត។ រីឯ ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧,២លានដុល្លារ កើនឡើង ១៦,៧% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤,១% ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ផលិតផលពីឈើ ផលិតផលប្លាស្ទិក គ្រឿងបម្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត)មានកំណើន ២៦,២% និងកសិផលមានកំណើន ៦,៦%។
ជាមួយគ្នានេះ បន្ទាប់ពីការប្រមូលចំណូលពន្ធខាងលើហើយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀតដែរ រួមមាន ១.ការពង្រឹងការងារបច្ចេកទេសនិងការអនុវត្តច្បាប់ ២.ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ ៣.ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ៤.ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ ៥. ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ៦. ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា និង៧ការអភិវឌ្ឍធនធានមនុស្សនិងបរិស្ថាន៕