និយ័តករ អ.ប កោះហៅម្ចាស់ហាងឡានអាឡាដាំងដែលបើកអាជីវកម្មគ្មានអាជ្ញាបណ្ណ
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប) កោះហៅឲ្យលោក ទា ហេងម៉េង និងភាគហ៊ុន នៃម្ចាស់ហាងឡាន អាឡាដាំង ទិញ-លក់បញ្ចាំ បង់រំលស់រថយន្ត ចូលខ្លួនមកបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិនិងបង់ប្រាក់ផាកពិន័យដូចមានកំណត់ក្នុងលិខិតចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ ដោយហាងឡាននេះបាននិងកំពុងប្រកបអាជីវកម្មទទួលបញ្ចាំរថយន្ត ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ន.អ.បទុកពេលឲ្យម្ចាស់និងភាគហ៊ុន នៃហាងឡាន អាឡាដាំង ចូលខ្លួនមកបំពេញកាតព្វកិច្ចតាមបទបទប្បញ្ញត្តិនិងបង់ប្រាក់ផាកពិន័យ រយៈពេល ១៥ថ្ងៃ ជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ក្នុងករណី ម្ចាស់និងភាគហ៊ុន នៃហាងឡានអាឡាដាំង នៅតែបន្តគេចវេះ ន.អ.បនឹងចាត់វិធានការកាន់តែតឹងរ៉ឹងបន្តទៀត ទៅតាមផ្លូវច្បាប់ជាធរមាន។
ជាមួយគ្នានេះ ន.អ.ប បានជម្រាបជូនសាធារណៈជនឲ្យដឹងដែរថា ការប្រកបអាជីវកម្មបញ្ចាំគ្មានអាជ្ញាបណ្ណពី ន.អ.ប មិនស្របតាមច្បាប់និងមិនត្រូវបានទទួលបានការការពារណាមួយពីច្បាប់ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មរបស់ហាងបញ្ចាំឡើយ៕