កម្ពុជា ស្វែងរកឱកាសនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន
ភ្នំពេញ៖ កម្ពុជា កំពុងស្វែងរកឱកាសក្នុងការនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ខណៈដែលកម្ពុជានិងហ្វីលីពីន បានឯកភាពគ្នានិងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មីស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋនិងរដ្ឋ ដែលសង្ឈឹមថានឹងអាចចុះហត្ថលេខាជាមួយគ្នាក្នុងពេលឆាប់ៗនេះ។
នៅក្នុងកិច្ចប្រជុំ និងការធ្វើទស្សនកិច្ចសិក្សាពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភាគីហ្វីលីពីន បានបើកឲ្យមានការធ្វើពាណិជ្ជកម្មអង្ករដោយសេរី នៅក្រោមរូបភាពឯកជននិងឯកជន ដោយផ្ទាល់ទៅតាមបរិមាណគុណភាព និងតម្លៃ ដែលបានឯកភាពរវាងភាគីទាំងពីរ។ ចំណែក គណៈប្រតិភូកម្ពុជា បានពិភាក្សាពីយន្តការ លក្ខខណ្ឌបច្ចេកទេស និងតម្លៃសម្រាប់ផ្គត់ផ្គង់ជាមួយបណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន។ តាមបណ្តាក្រុមហ៊ុននាំចូលទាំងនោះ មានការចាប់អារម្មណ៍លើគុណភាពអង្ករនិងមានបំណងនាំចូលអង្ករកម្ពុជា ទៅក្នុងទីផ្សារហ្វីលីពីនផងដែរ។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា បានអញ្ជើញនិងទទួលបានការអញ្ជើញដោយអ្នកនាំចូលអង្ករប្រទេសហ្វីលីពីនមកទស្សនកិច្ចសិក្សាលើរោងម៉ាស៊ីនកិនស្រូវកម្ពុជាដោយផ្ទាល់ ដើម្បីបង្កើនទំនុកចិត្ត និងបង្កើនទំនាក់ទំនងឲ្យកាន់តែប្រសើរ។ កម្មវិធីនេះ គ្រោងរៀបចំឡើងនៅពេលរដូវច្រូតកាត់ស្រូវប្រាំងជុំទី១ នៅចុងខែកុម្ភៈ ឬដើមខែមីនាឆ្នាំ២០២៣ ខណៈដែលក្នុងអំឡុងពេលទស្សនកិច្ចសិក្សាអាចនឹងឈានដល់ការចុះកិច្ចសន្យាទិញ-លក់ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ជាប្រទេសផលិតស្រូវហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២កន្លងទៅ ប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣,៨២លានតោនពីប្រទេសនានា ដែលអង្ករភាគច្រើនបំផុតជាប្រភទអង្ករសធម្មតា៕