CDC អនុម័តឲ្យក្រុមហ៊ុនចំនួន១១ បោះទុនជិត៦០លានដុល្លារ បង្កើតរោងចក្រក្នុងរាជធានី-ខេត្តចំនួន៤
Posted by -
Phoung Somphors
Published on -
8/2/2023 1:15 PM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន១១ បោះទុនសរុបប្រមាណ ៥៧,៩លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៤ ដែលអាចបង្កើតការងារបានប្រមាណ ១២,៧១០កន្លែង។

បើតាម CDC នៅថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥បង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺដូចគ្នា។ ក្នុងនោះមានក្រុមហ៊ុន Tiens Textile (Cambodia) Co., Ltd បោះទុនប្រមាណ ៦,៤លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះដែលស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។ ក្រុមហ៊ុន All Win​ Shoes (Cambodia) Co., Ltd បោះទុនចំនួន ៦,៤លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ១៤៧៨កន្លែង។

ចំណែក ក្រុមហ៊ុន Precision Garment& Bag Industries Co., Ltd បោះទុនប្រមាណ ៥,៨លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាតម៉ាស និងអៀម ដែលស្ថិតនៅភូមត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ១២៦៣កន្លែង។ រីឯ ក្រុមហ៊ុន Hanwangda Bags (Cambodia) Co., Ltd បោះទុនចំនួន ៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលស្ថិតនៅភូមិស្លែង ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ២១៣៥កន្លែង។ ក្រុមហ៊ុន Everich Outdoor Products (Cambodia) Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិញ្វាន្តស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ដែលអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

ជាមួយគ្នានេះគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣បន្ថែមទៀត ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ មានក្រុមហ៊ុន Ontime Industrial Co., Ltd បោះទុនប្រមាណ ៩លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារឹមធ្វើពីលោហៈធាតុ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ដែលអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

ចំណែក ក្រុមហ៊ុន Three-Color StoneStationery (Cambodia) Co., Ltd បោះទុនចំនួន ៣លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយយាល័យ (ក្រូណូដាក់ឯកសារ) ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានប្រមាណ ៣៥០កន្លែង។ និងក្រុមហ៊ុន Hestra (Cambodia)Co., Ltd បោះទុនប្រមាណ ៦០០ពាន់ដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីឡាធ្វើពីស្បែកនិងក្រណាត់ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញរាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានប្រមាណ ២០០កន្លែង៕

ទន្ទឹមនឹងនេះ មានក្រុមហ៊ុនចំនួន៣ទៀត ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះគម្រោងវិនិយោគជូនផងដែរ រួមមាន ក្រុមហ៊ុន Jung kwang Evergreen Garment Co., Led បោះទុនចំនួន ៥,៥លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅផ្លូវលេខ២២៤ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ២៦១០កន្លែង។ ក្រុមហ៊ុន Funday Garment Co., Ltd បោះទុនប្រមាណ៥,៥លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលស្ថិតផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលដែលអាចបង្កើតការងារបានចំនួន ២០៤៧កន្លែង។

ព្រមទាំង ក្រុមហ៊ុន Bright Lucky Enterprise (Cambodia) Co., Ltd បោះទុនចំនួន ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងដែលស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនិងអាចបង្កើតការងារបានប្រមាណ ៧៩៨កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236