ក្រសួងសាធារណការ បញ្ចប់សុពលភាពចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកចំនួន ១០ក្រុមហ៊ុន
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបញ្ចប់សុពលភាពវិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកចំនួន ១០ក្រុមហ៊ុន ចាប់ពីថ្ងៃចេញសេចក្តីប្រកាសតទៅ ដោយមូលហេតុក្រុមហ៊ុនទាំងនោះ មិនបានស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេសជាច្រើនឆ្នាំកន្លងមក។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុនទាំង១០ដែលក្រសួងបញ្ចប់សុពលភាពវិញ្ញាបនបត្រធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក គឺផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកនិងប្រកាសចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចេញលិខិតអនុញ្ញាតឲ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក។
ក្រុមហ៊ុនទាំងនេះរូបមាន ១. ក្រុមហ៊ុន ដាក់បែលយូដាប់បែលយូ អិល (ខេមបូឌា), ២. ក្រុមហ៊ុន សម្បត្តិ អិនជីអិន, ៣. ក្រុមហ៊ុន ផេនអេហ្គ្រី ខឹមម៉ឌិធី ខូ អិលធីឌី, ៤. ក្រុមហ៊ុន ហ្វ៊ូជីត្រេន (ខេមបូឌា) ខូ អិលធីឌី, ៥. ក្រុមហ៊ុន ថោង ស៊ីង ស៊ីងឌីវេឡុបម៉ិន ហូលឌីង, ៦. ក្រុមហ៊ុន ឃ្យូ អេហ្វ អេស ខ្វលឡឹធី ហ្វ្រេត &សឺវីស, ៧. ក្រុមហ៊ុន អិន អ គ្រុប អ៊ីមផត អិចផត & ត្រេនស្ព័រថេសិន, ៨. ក្រុមហ៊ុន ខេន សុភា អាហរ័ណ នីហរ័ណ ដឹកជញ្ជូន &សំណង់, ៩. ក្រុមហ៊ុន សាខាក្រុមហ៊ុនអេប៊ីឡូជីស្ទីក (ថៃលែនដ៏)ខូអិលធីឌី (ខេមបូឌា) និងទី១០. ក្រុមហ៊ុន ស៊ី ម៉ៅ ត្រេឌីង។
ក្នុងករណីមានការតវ៉ាកើតឡើងជាយថាហេតុពាក់ព័ន្ធនឹងការបញ្ចប់សុពលភាពនេះ ក្រុមហ៊ុនទាំង១០ត្រូវដោះស្រាយរាល់បំណុល និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស៕