១ខែដើមឆ្នាំ២០២៣ កម្ពុជារកចំណូលពីការនាំចេញស្រូវអង្ករបាន ៩២លានដុល្លារ
Posted by -
Phoung Somphors
Published on -
10/2/2023 11:46 AM

ភ្នំពេញ៖ ក្នុងខែមករា នៃឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៦ ៩០០តោន និងនាំចេញស្រូវបានចំនួន ២៥២ ៧១៤តោន ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៩២លានដុល្លារ។ នេះបើតាមការឲ្យដឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ គិតជាទឹកប្រាក់សរុបបានចំនួន ២៨,៨៣លានដុល្លារ។ ក្នុងនោះការនាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុបចំនួន ២០ប្រទេសស្មើនឹង ៤៨% នៃការនាំចេញសរុប គិតជាបរិមណបានចំនួន ១៧ ៧៩៥តោន ស្មើនឹង ១៣,៤៤លានដុល្លារ។ ប្រទេសអាស៊ានចំនួន២ មានប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានចំនួន ១៨៧១តោន ស្មើនឹង ១,០៩លានដុល្លារ និងគោលដៅផ្សេងៗចំនួន៧ រួមមាន ប្រទេសហ្កាប៊ុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលីញ៉ូហ្សេឡេន រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានចំនួន ២១៨៩តោន ស្មើនឹង ២,៥៣លានដុល្លារ។

ចំណែកប្រទេសចិន និងហុងកុងបានគ្រប់គ្រងចំណែកនៃការនាំចេញអង្ករកម្ពុជាចំនួន ៤១% គិតជាបរិមាណបានចំនួន ១៥ ០៤៥តោន ស្មើនឹង ១១,៧៧លានដុល្លារ។ ប៉ុន្តែ ដោយសារការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ជិត ២សប្តាហ៍ នៅប្រទេសចិនធ្វើឲ្យមានការយឺតយ៉ាវក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន​​ និងធ្វើឲ្យការនាំចេញសរុបមានការថយចុះ។

ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញអង្ករក្រអូបប្រណិត«ម្លិះអង្គរ» បានចំនួន ២២ ៨១០តោន អង្ករសែនក្រអូបបានចំនួន៩៣៥៨តោន អង្ករសបានចំនួន ១៧២១តោន អង្ករចំហុយបានចំនួន ១៨៦៧តោន អង្ករសរីរាង្គបានចំនួន១១៤៤តោន និងបាននាំចេញស្រូវប្រមាណ ២៥២ ៧១៤តោន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236