ក្រសួងកសិកម្ម ផ្តល់ថវិកាឱ្យសហគមន៍កសិកម្មមួយធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីពីកសិករ
ភ្នំពេញ៖ សហគមន៍កសិកម្មលើកកម្ពស់កសិករមកពីស្រុកគូលែន ខេត្តព្រះវិហារ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ៤០% ស្មើនឹង ៣៧ ៤៦០ដុល្លារ ដើម្បីធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីស្រស់និងស្ងួត ពីសមាជិកជាផលិតករ។
នាពិធីចុះហត្ថលេខា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមផែនការរបស់សហគមន៍កសិកម្មលើកកម្ពស់កសិករ កិច្ចព្រមព្រៀងខាងលើនឹងចាប់ផ្តើមអនុវត្តផែនការអាជីវកម្មរយៈពេល ៣ឆ្នាំ (២០២៣-២០២៥) ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្មនិងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គស្រស់ ជាមធ្យមឲ្យបានចំនួន ៦៥ ២៥០ដុល្លារ និងពង្រីកទំហំផលិតកម្មដំឡូងមីស្ងួត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកក្នុងបរិមាណ ២៨៩២តោន ក្នុង១ឆ្នាំ ឬ៩៥៧៦តោន ក្នុងរយៈពេល ៣ឆ្នាំ ដែលអាចបង្កើនប្រាក់ចំណូលជាមធ្យមប្រមាណ ៦១១ ៦៥៨ដុល្លារ។
ជាមួយគ្នានេះ តំណាងសហគមន៍លើកកម្ពស់កសិករ បានឲ្យដឹងថា កិច្ចព្រមព្រៀងនាពេលនេះ អាចជួយដោះស្រាយនូវបញ្ហាមួយចំនួនដែលសហគមន៍កំពុងជួបប្រទះ ដូចជាខ្វះឃ្លាំងស្តុកដំឡូងមីស្ងួត ជញ្ជីងថ្លឹង ការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍កសិកម្មការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ទុនបង្វិលសម្រាប់លក់ដំឡូងមី និងជួយធានាតម្លៃទីផ្សារដំឡូងមីផងដែរ។ ចំណែក តំណាងក្រុមហ៊ុនទទួលទិញដំឡូងមីស្រស់ បានឲ្យដឹងដែរថា បច្ចុប្បន្នក្រុមហ៊ុនទទួលទិញដំឡូងមីស្រស់ក្នុងតម្លៃ ៣៨៥រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃទីផ្សារក្នុងស្រុក៕