ឆ្នាំ២០២២ ការនាំចេញផលនេសាទបាន៨ពាន់តោន ស្មើនឹងជាង៩ម៉ឺនដុល្លារ
Posted by -
Phoung Somphors
Published on -
14/2/2023 11:36 PM

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ ការនាំចេញផលនេសាទបានចំនួន ៨ពាន់តោន គិតជាទឹកប្រាក់ប្រមាណ ៣៧០លានរៀល ស្មើនឹងប្រមាណ ៩ម៉ឺនដុល្លារ។ ក្នុងនោះ ការចិញ្ចឹមត្រីបានចំនួនជាង ៣៣ម៉ឺនតោន ស្មើនឹង ៩១,៨៣% ការភ្ញាស់ពូជកូនត្រីបានចំនួនជិត ៣ម៉ឺនកូន ស្មើនឹង ៩៤,៥% ការចិញ្ចឹមក្រពើបានចំនួនជិត ៤០ម៉ឺនក្បាល ស្មើនឹង ១៣០,៤៧% ការបង្កើតបណ្តុំវារីវប្បកម្មបានចំនួន ៣៣១កន្លែង មានសមាជិកជាង ១ម៉ឺននាក់ និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានបានចំនួន៨កន្លែង។ ស្ថិតិវារីវប្បកម្មខាងលើនេះ បានបង្ហាញឱ្យដឹងនៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសើរមន្ត្រីរដ្ឋបាលជលផល ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅតាមតួនាទីភារកិច្ច ទិសដៅការងារ និងផែនការសកម្មភាពដែលបានកំណត់ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្តកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់នូវអនុសាសន៍សំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផលរួមមាន៖ ១.ត្រូវពង្រឹងការគ្រប់គ្រងនិងអភិរក្សធនធានជលផល ២. ត្រូវជំរុញវារីវប្បកម្ម ការកែច្នៃនិងការលើកទឹកចិត្តដល់វិស័យឯកជន និង៣ ត្រូវពង្រឹងសហគមន៍នេសាទនិងការផ្លាស់ប្តូរមុខរបរប្រជានេសាទ។ លើសពីនេះ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់បន្ថែមអំពីការធានានូវសន្តិសុខស្បៀង និងឧត្តមភាពនៃផលិតផលដែលទាមទារឲ្យមានការយកចិត្តទុកដាក់លើការងារអនាម័យ ភូតគាមអនាម័យ SPS និងរួមចំណែកជួយគាំទ្រដល់វិស័យឯកជន ដើម្បីសម្រួលដល់ការនាំចេញ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236