ក្រសួងអប់រំ ឲ្យសាលាឯកជនអនុវត្តកម្មវិធីសិក្សាអន្តរជាតិត្រូវបញ្ចូលមុខវិជ្ជាភាសាខ្មែរ, វប្បធម៌​ និងអរិយធម៌ខ្មែរ ជាកាតព្វកិច្ច!
Posted by -
Phoung Somphors
Published on -
15/2/2023 12:50 PM

ដោយ៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីសម្រេច ដោយណែនាំឲ្យគ្រឹះស្ថានសិក្សាឯកជនដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរមុខវិជ្ជាវប្បធម៌ និងមុខវិជ្ជាអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់ខ្លួនជាកាតព្វកិច្ច។ ការកំណត់នេះ ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ដល់សិស្សានុសិស្ស ចាប់ពីឆ្នាំសិក្សា២០២២-២០២៣ តទៅ។

សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺតបតាមសំណើរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលស្នើដល់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាឲ្យពិនិត្យពិចារណាដាក់ជាកាតព្វកិច្ចតាមសាលាអន្តរជាតិនានា ឲ្យបង្រៀនភាសាខ្មែរនិងបញ្ចូលការអប់រំផ្នែកសីលធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរជូនដល់សិស្សចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២។ សំណើរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូបុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត បានសង្កតឃើញថា ក្មេងខ្មែរដែលសិក្សាសាលាអន្តរជាតិ ខ្សោយការយល់ដឹងខេមរភាសា និងមិនសូវយល់ពីសីលធម៌និងទំនៀមទម្លាប់ខ្មែរ ហើយកូនខ្មែរដែលសិក្សានៅសាលាអន្តរជាតិមិនចេះអក្សរខ្មែរ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញក្តីព្រួយបារម្ភរឿងកូនខ្មែរលែងយល់ពីសីលធម៌ និងទំនៀមទម្លាប់នៃការរស់នៅរបស់ខ្មែរផងដែរ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ឯកឧត្តមធ្លាប់តែឃើញកូនខ្មែរកើតនៅអាមេរិក ស្តីឲ្យឪពុកម្តាយពេលមានមតិខុសពីខ្លួន តែបច្ចុប្បន្ននេះ ឯកឧត្តមបណ្ឌិត បានឃើញស្ថានភាពបែបនេះកើតឡើងក្នុងជីវភាពរស់នៅរបស់កូនខ្មែរដែរហើយ។

សម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត ការស្នើឱ្យសាលាឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ មុខវិជ្ជាវប្បធម៌ និងមុខវិជ្ជាអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់ខ្លួននេះ ដើម្បីពង្រឹងភាសាខ្មែរនិងបណ្តុះសីលធម៌ វប្បធម៌ខ្មែរ ប៉ុន្តែមិនឲ្យប៉ះពាល់ដល់ទំនើបកម្មនៃការអប់រំនោះឡើយ។ ឯកឧត្តមបណ្ឌិត​​ បានសង្កត់ធ្ងន់ថា ប្រសិនបើមនុស្សបាត់អត្តសញ្ញាណ គឺយ៉ាប់ហើយ ហើយបើក្មេងជំនាន់នេះបាត់អត្តសញ្ញាណ បាត់វប្បធម៌ សីលធម៌ ពេលដល់ដល់ជំនាន់កូនរបស់គាត់គាត់នឹងប្រដៅទូន្មានកូនរបស់គាត់ដោយរបៀបណា?

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236