ឆ្នាំ២០២២ ការនាំចេញកៅស៊ូទៅបរទេសបានជាង៣៧ម៉ឺនតោន ស្មើនឹងជិត៥.៣លានដុល្លារ
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចេញកៅស៊ូទៅបរទេសបានចំនួន ៣៧២,៩០០តោន គិតជាទឹកប្រាក់ប្រមាណ ៥២៨លានដុល្លារ នៃផ្ទៃដីដាំកៅស៊ូសរុបទូទាំងប្រទេសចំនួន ៤០៤,៥៧៨ហិកតា។ ក្នុងនោះផ្ទៃដីកៅស៊ូចៀវជ័រមានចំនួន ៣១៥,៣៣២ហិកតា ហើយតម្លៃជ័រកៅស៊ូជាមធ្យមក្នុងឆ្នាំ២០២២ ស្មើនឹង ១,៤១៥ដុល្លារ ក្នុងមួយតោន។ចំណែកការនាំចេញឈើកៅស៊ូពីការកាប់ដើមកៅស៊ូចាស់ៗអស់ប្រសិទ្ធភាពសេដ្ឋកិច្ចបានចំនួន ២៦,៤៨៩ម៉ែត្រគូប ស្មើនឹង ៤,១លានដុល្លារ។ លទ្ធផលនេះបានបង្ហាញនៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារអគ្គនាយកដ្ឋានកៅស៊ូឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសាទរ ចំពោះសមិទ្ធផលដែលសម្រេចបាននេះនិងបានស្នើឲ្យមន្ត្រីនៃអគ្គនាយកដ្ឋានកៅស៊ូយកកិច្ចប្រជុំនាឱកាសនេះ ជួបជុំជាមួយវិស័យឯកជនដើម្បីពិភាក្សានិងសហការគ្នាធ្វើផែនការខ្លី មធ្យម និងវែងដើម្បីជំរុញប្រសិទ្ធភាពសេដ្ឋកិច្ច និងការរីកចម្រើន។
គួរបញ្ជាក់ផងដែរថា វិបត្តិសកលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យធ្លាក់ចូលក្នុងកំណើនអវិជ្ជមាន -៣,១% ប៉ុន្តែ ទោះជាយ៉ាងណា រដ្ឋាភិបាលបានប្រឹងប្រែងអស់ពីលទ្ធភាពធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញគួរឲ្យកត់សម្គាល់ក្នុងអត្រាប្រមាណ ៥,៥% ក្នុងឆ្នាំ២០២២ ក្នុងនោះវិស័យកៅស៊ូក៏បានអភិវឌ្ឍប្រកបដោយភាពប្រកួតប្រជែងនិងអនុវត្តសម្រេចបានជោគជ័យតាមគោលដៅ និងសូចនាករដែលបានគ្រោងទុកក្នុងផែនការយុទ្ធសាស្ត្រកៅស៊ូធម្មជាតិឆ្ពោះទៅកាន់ឆ្នាំ២០៣០៕