មន្ទីរពេទ្យគន្ធបុប្ផា ចំណាយលុយ​ ៣៧លានដុល្លារ ព្យាបាលទារកកុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥគិតថ្លៃក្នុងឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
16/2/2023 5:19 PM

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាសរុបប្រចាំឆ្នាំប្រមាណ ៣៧លានដុល្លារ (ដោយមិនរាប់បញ្ចូលថវិកាជាតិតាមរយៈក្រសួងសុខាភិបាល) ដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារនិងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ វឌ្ឍនភាពនេះ បានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបរធនបាលលើកទី៦ ដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ទ្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» និងមានវត្តមានចូលរួមពីឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងដែរថា ទន្ទឹមនឹងការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល នៅឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ចំនួនគ្រែសម្រាកនិងបុគ្គលិកជំនាញមិនទាន់គ្រប់គ្រាន់សម្រាប់ការពិនិត្យ និងព្យាបាលនិងសម្រាប់ស្ត្រីសម្រាលកូនផងដែរ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះមន្ទីរពេទ្យគន្ធបុប្ផា មានគម្រោងវិនិយោគមួយចំនួនដើម្បីពង្រីកនិងបង្កើនប្រសិទ្ធភាពនៃសេវាពិនិត្យ និងព្យាបាលទារក និងកុមារ ចាប់ពីឆ្នាំ២០២៣តទៅ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ទ្ធមុនីរ័ត្នបានវាយតម្លៃខ្ពស់ទៅលើការខិតខំបំពេញការងាររបស់គណៈគ្រប់គ្រងនិងលោកគ្រូ-អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនិងលើកទឹកចិត្តឲ្យបំពេញការងារបន្ថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236